បរទេស៖ លោក Ole Gunnar Solskjaer អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Manchester United បាន​បញ្ជាក់​ថា ការ​ធ្វើ​ដំណើរ​របស់​ក្រុមលោក​ទៅ​ជួបក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើ​ឯក Liverpool នៅ​ថ្ងៃ​អាទិត្យ​នេះ កើត​ឡើងចំពេល​ដ៏ល្អ​ឥត​ខ្ចោះ ក្រោយពី​បាន​ឡើង​ឈរ​នៅលើកំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League ជាលើក​ទី​ដំបូង ក្នុង​រយៈ​ពេល​៣​ឆ្នាំ​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​បម្រើ Paul Pogba បាន​ជួយ​ឲ្យ​ក្រុម Man United ដណ្តើម​បាន​ជ័យ​ជម្នះ​ទាំង​ប្រផិត​ប្រផើយ ក្នុងលទ្ធ​ផល ១-០ លើ​ទឹកដីក្រុម Burnley កាលពីថ្ងៃ​អង្គារ ដើម្បី​​នាំមុខ​៣ពិន្ទុ​ដាច់​លើ​ក្រុម Liverpool ដែលមិន​អាច​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌលីក៣​លើក​ចុងក្រោយ​របស់​ពួក​គេ​។ លោក Solskjaer ដែល​អនា​គត​របស់​លោក​ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ បាន​ធ្លាក់​ចូលក្នុង​​ហានិភ័យ កាលពី​៣​ខែ​មុន ក្រោយពី​បាន​ជួប​លទ្ធផល​មិនល្អ​នៅ​ដើម​រដូវ​កាលនេះ និង​ធ្លាក់​ចេញពី​ក្រប​ខ័ណ្ឌ Champions League ត្រឹម​វគ្គ​ចែកពូល​នោះ បាន​និយាយ​ទាំង​ញញឹម​ថា៖ «នេះ​គឺ​ជា​ទី​តាំង​ដ៏ល្អ​ឥត​ខ្ចោះ​ដែល​យើង​កំពុង​តែ​ស្ថិតនៅ»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «យើង​ដឹង​ថា យើង​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម​ម្ចាស់​ជើង​ឯក​។ ពួក​គេ​​បាន​ជួប​រដូវ​កាល​ដ៏ល្អ​​ឥត​ខ្ចោះ​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លះ​ចុងក្រោយនេះ​។ យើង​ដឹង​ថា វានឹងក្លាយ​ជា​ការ​ប្រកួត​ដ៏​តាន​តឹង​មួយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia