បរទេស៖ ខ្សែ​ប្រយុទ្ធ Neymar បាន​ស៊ុត​បាល់​បញ្ចូល​ទីក្នុង​ពេល​វិល​ទៅ​ប្រកួត​វិញ​សម្រាប់​ក្រុម Paris Saint-Germain ខណៈ​ដែលពួក​គេ​បាន​ផ្តួលក្រុម​ខ្លាំង Marseille ក្នុងលទ្ធ​ផល ២-១ ដើម្បីឈ្នះពាន Champions Trophy ឬ​ French Super Cup នៅ​រដូវ​កាល​នេះ​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល​រូប​នេះ បាន​​ស៊ុត​បាល់​ប៉េ​ណាល់​ទី​បំ​ប៉ោង​សំណាញ់​ទី​នៅនាទី ទី​៨៥ ដើម្បី​ជួយ​ឲ្យ​ក្រុម PSG នាំមុខ​២​គ្រាប់ ក្រោយពី​ការរក​បាន​គ្រាប់បាល់​បើក​ឆាក​របស់​ខ្សែ​ប្រយុទ្ធ Mauro Icardi ដើម្បី​ជួយ​ឲ្យ​លោកគ្រូបង្វឹកថ្មី​ Mauricio Pochettino ឈ្នះ​ពាន​ជាលើក​ដំបូង​ក្នុង​រជ្ជ​កាល​របស់​លោក ជា​មួយនឹងក្រុម PSG​។ Champions Trophy គឺ​ជា​មាន​ Super Cup របស់​បារាំង ដែល​ជា​ធម្ម​តា​ពាន​នេះ ត្រូវ​បាន​រៀប​ចំ​​ការ​ប្រកួត​នៅ​ដើម​រដូវកាល​នេះ រវាងក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌលីក និង​ក្រុម​ម្ចាស់​ជើង​​ឯក French Cup​។

ស្រ​ប​ពេល​ដែលក្រុម PSG បាន​ឈ្នះពាន​​ទាំង​២កាលពី​រដូវកាល​មុន ក្រុម Marseille ត្រូវ​បានជ្រើស​រើស​ឲ្យ​ធ្វើ​ជា​គូ​ប្រកួត​របស់​ពួក​គេ ​ក្នុងនាម​ជាក្រុម​ជើង​ឯក​រង​នៃ​ក្រប​ខ័ណ្ឌ Ligue 1​។ ដោយ​ឡែក យុទ្ធនា​ការ​លីកនៅ​រដូវកាលនេះ ត្រូវ​បាន​ពន្យារ​ពេល​ ដោយសារ​តែ​ការ​ឆ្លង​រាត​ត្បាត​របស់​វីរុសកូរ៉ូ​ណា​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia