បរទេស៖ លោក Hansi Flick គ្រូបង្វឹក​របស់ក្រុម Bayern Munich ហាក់​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង ខណៈ​ដែលក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​របស់លោក បាន​ធ្លាក់​ចេញពី​​ពាន German Cup កាលពីថ្ងៃ​ពុធ ក្រោយពី​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌលំដាប់​ទី​២ Holstein Kiel ដែល​បាន​ទទួល​ជ័យ​ជម្នះក្នុងការ​ស៊ុត​បាល់​ប៉េ​ណាល់​ទីក្នុងលទ្ធ​ផល ៦-៥ បន្ទាប់​ពីការ​ប្រកួត​ជុំ​ទី​២​របស់​ពួក​គេ បាន​បញ្ចប់​ក្នុងលទ្ធ​ផល ២-២ នៅ​នាទី​បន្ថែម​១៥​នាទី​២​ដង​។ លោក Flick បាន​ប្រាប់​ទូរ​ទស្សន៍ Sky ថា៖ «​នេះ​ជា​រឿង​​ដែលមិន​គួរ​ឲ្យ​ជឿ​។

យើងពិត​ជា​ខក​ចិត្ត​ណាស់​។ នេះគឺ​ដោយ​សារ​តែ​យើង​​បណ្តោយ​ឲ្យ​មានគ្រាប់​បាល់​តាមស្មើ ក្នុងលទ្ធ​ផល ២-២ នៅ​វិនាទី​ចុងក្រោយ​នៃ​ម៉ោង​ធម្មតា​។ សូម​អ​ប​អរ​សាទរ​ដល់ក្រុម Kiel​។ យើង​ត្រូវ​តែ​បំភ្លេច​ការ​ខក​ចិត្ត​នេះ និង​ធ្វើ​ឲ្យ​បានកាន់​តែល្អប្រសើរ​»​។ ខ្សែ​ប្រយុទ្ធ Thomas Mueller របស់​ក្រុម Bayern បាន​បញ្ជាក់​ថា ការ​បរា​ជ័យ​នេះ ពិត​ជា​ចុក​ចាប់​ណាស់​។ នេះ​គឺ​ជាលើក​ទី​១​ហើយ​ដែលក្រុម Bayern បាន​ធ្លាក់​ចេញពី​ការប្រកួត​ពាន German Cup ក្រោមស្នា​ដៃក្រុម​មិន​ស្ថិតក្នុងក្រប​ខ័ណ្ឌ Bundesliga បើ​គិត​ចាប់​​តាំង​ពី​ធ្លាក់​ចេញ​ក្រោមស្នា​ដៃក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌលំ​ដាប់ទី​៤ Magdeburg ក្នុង​រដូវ​កាល​ឆ្នាំ​២០០០-២០០១។

Mueller បាន​ឲ្យដឹងថា៖ «បើ​ទោះ​បី​ស្តាប់​ទៅ​​ជា​រឿង​ឆ្កួតលេលា ក្រោយពីការ​ធ្លាក់​ចេញពី​ពាននេះ ក្រោមស្នា​ដៃក្រុម Kiel ក៏ដោយ ប៉ុន្តែ សំណាង​មិនបាន​ស្ថិតលើក្រុម​យើង​ឡើយ​»៕

ប្រភព​ព័ត៌មាន៖ Channel News Asia