បរទេស៖ អ្នកចាត់ការទូទៅក្លឹប Paris St-Germain លោក Mauricio Pochettino បានធ្វើតេស្ត៍វិជ្ជមានរកឃើញមេរោគកូវីត-១៩ ហើយលទ្ធផលនេះ នឹងធ្វើអោយរូបលោកត្រូវខកខានដឹកនាំក្រុមធ្វើការប្រកួតពានរង្វាន់Ligue-១ នៅ២លើកបន្ទាប់ទៀតគឺត្រូវជួប Angers នៅថ្ងៃសៅរ៏និងបន្តជួបMontpellier នៅថ្ងៃសុក្រសប្តាហ៏ក្រោយ។
អតីតគ្រូបង្វឹក Espanyol,Southampton និង Tottenham វ័យ ៤៨ ឆ្នាំរូបនេះបានឡើងកាន់តំណែងកាលពីដើមឆ្នាំ២០២១ហើយបានឈ្នះពានរង្វាន់ដំបូងគឺពានបើករដូវកាលTrophee Des Champions បន្ទាប់ពី ផ្តួលMarseille ក្រោយដឹកនាំការប្រកួតសរុប៣លើកបន្ទាប់ពីចូលមកជំនួសតំណែងលោកThomas Tuchel។
ជំនួយការរបស់គ្រូបង្វឹកអាហ្សង់ទីនរូបនេះគឺ លោកJesus Perez និង Miguel D’Agostino នឹងបន្តដឹកនាំPSGធ្វើការប្រកួតខណៈក្រុមការពារតំណែងជើងឯកលីកកំពូលបារាំងរូបនេះធ្វើបានល្អ ដោយឈ្នះ ៧ ដងក្នុង ៨ ប្រកួតចុងក្រោយនិងឈរនៅលេខរៀងទី ២ មានគម្លាត១ ពិន្ទុពីក្រុមនាំមុខតារាងLyon៕
ប្រភពព័ត៍មាន៖ BBC