បរទេស៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានវិលទៅរកភាពមុតស្រួចនៅពីមុខទីវិញ តាមរយៈការស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលការរំកិលឡើងលើតារាងនៃក្របខ័ណ្ឌ Premier League បានបន្ត ក្រោយពីដណ្តើមបានជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៣-០ លើក្រុម Newcastle កាលពីថ្ងៃចន្ទ។
ក្រុមកាំភ្លើងធំមួយនេះ បានប្រឈមនឹងការប្រយុទ្ធដើម្បីគេចឲ្យផុតពីតំបន់កាត់ចោលដ៏មិនគួរឲ្យជឿ ក្នុងរយៈពេលតិចជាង១ខែមុន ប៉ុន្តែ ការដណ្តើមបាន១៣ពិន្ទុពីការប្រកួតដែលផ្តល់ពិន្ទុសរុប១៥ពិន្ទុ បានជួយឲ្យក្រុមរបស់លោក Mikel Arteta ឡើងឈរលេខ១០ ដោយដេញតាមពីក្រោយក្រុមមានចំណាត់ថ្នាក់លេខ៤ ចំនួន៧ពិន្ទុ។ បើទោះបី Aubameyang បានស៊ុតបាល់បញ្ចូលទី២គ្រាប់ជាលើកដំបូងក្នុងការប្រកួតក្របខ័ណ្ឌលីកនៅរដូវកាលនេះក៏ដោយ ប៉ុន្តែ ការចាប់អារម្មណ៍ផ្សេងៗបានធ្លាក់ទៅលើតារាឆ្នើម Emile Smith Rowe និង Bukayo Saka របស់ក្រុម Arsenal ម្តងទៀត ក្រោយពីពួកគេបានលេងស៊ីសង្វាក់គ្នាយ៉ាងល្អ ខណៈដែល Saka បានស៊ុតបាល់បញ្ចូលទី១គ្រាប់នៅចន្លោះគ្រាប់បាល់របស់ Aubameyang។
ក្រុម Newcastle នៅតែស្ថិតក្នុងការប្រជែងដើម្បីគេចឲ្យផុតពីតំបន់កាត់ចោល ក្រោយពីមិនស្គាល់ឈ្នះសោះពីការប្រកួត៩លើកជាប់ៗគ្នា បើទោះបីលោកគ្រូបង្វឹក Steve Bruce បានផ្លាស់ប្តូរកីឡាករដល់ទៅ៨នាក់ក្រុមរបស់ខ្លួនក៏ដោយ៕
ប្រភពព័ត៌មាន៖ Channel News Asia