បរទេស៖ ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Timo Werner មិន​គួរ​ត្រូវ​បាន​ប្រៀប​ធៀប​ទៅនឹង​អតីត​ខ្សែ​ប្រយុទ្ធ​របស់ក្លិប Chelsea គឺ Fernando Torres ឡើយ ហើយ​​តា​រាឆ្នើម​អន្តរ​ជាតិ​អាល្លឺម៉ង់​រូបនេះ ត្រូវ​តែ​​ទទួលនបា​បរិស្ថាន​ដ៏ល្អ​បំផុត​ដើម្បី​បង្កើត​ផ្លែ​ផ្កា នៅ​ក្នុងក្លិប​មាន​មូលដ្ឋាននៅ​ទីក្រុងឡុងដ៍​មួយនេះ​​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក Frank Lampard កាល​ពីថ្ងៃ​ចន្ទ​។

Werner ដែល​បាន​ចូល​រួម​ជាមួយនឹងក្លិប Chelsea ពីក្លិប RB Leipzig របស់​ក្រប​ខ័ណ្ឌ Bundesliga នៅ​ពេល​បិទ​រដូវកាល ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​៥០លាន​អឺ​រ៉ូ (ស្មើ​នឹង​៦០,៣៤​លាន​ដុល្លារ​អាមេរិក)​ នោះ មិន​បាន​រក​គ្រាប់បាល់​បញ្ចូល​ទី​សោះ​ក្នុង​ការ​បង្ហាញខ្លួន​ក្នុងក្រ​ខ័ណ្ឌ Premier League ចំនួន​១០​លើក​ចុងក្រោយ​របស់​គេ​។ Torres ក៏​បាន​​ជួប​ភាព​ត្រដាប​ត្រដួស​ស្រដៀង​គ្នានេះ​ផង​ដែរ ក្រោយពី​ការផ្ទេរ​របស់គេ​ពីក្លិប Liverpool ក្នុង​ឆ្នាំ​២០១១ ហើយ​លោក Lampard បាន​បញ្ជាក់​ថា លោក​នឹង​ធ្វើ​ការ​​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ​ធ្លាក់​ទម្រង់លេង Werner ដែលកំពុង​តែ​ព្យា​យាម​ស្វែង​រក​ជំនឿចិត្ត បន្ទាប់ពី​ការ​ចាប់​ផ្តើម​យ៉ាងល្អ​នៅ​រដូវ​កាល​នេះ​។ នៅមុន​ពេល​ការ​ប្រកួត​ជាមួយនឹងក្រុម Leicester City នៅ​រាត្រី​នេះ លោក Lampard បាន​ប្រាប់​អ្នក​យក​ព័ត៌​មានថា៖ «ខ្ញុំ​នឹង​មិន​ប្រៀប​ធៀប​រូប​គេ​ទៅនឹង​កីឡាករ​ណាម្នាក់ឡើយ​។ គ្រប់គ្នា គឺ​មានភា​​ព​ផ្សេង​គ្នា Torres បាន​ជួប​ពេល​វេលា​ដ៏លំបាកនៅទីនេះ ប៉ុន្តែ រូប​គេ​បាន​ឈ្នះពានក្រប​ខ័ណ្ឌ Champions League​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ គឺ​ការ​បង្កើត​បរិស្ថាន​ដ៏ល្អ​បំផុត​ដើម្បី​ទាញ​យក​សមត្ថភាព​ដ៏ខ្លាំង​បំផុត​ពី Timo​។ អ្នក​ត្រូវ​តែ​ធ្វើ​ម្តង​ហើយម្ត​ងទៀត បន្ត​ការ​ធ្វើ​ការ ហើយ​រូប​គេ​ត្រូវ​តែ​បន្ត​អត់​ធ្មត់ និង​ផ្តោត​អារម្មណ៍​។ ខ្ញុំ​ត្រូវ​តែ​ធ្វើ​ឲ្យ​រូប​គេមាន​អារម្មណ៍​វិជ្ជ​មាន​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia