បរទេស៖ ក្រុម Leicester បាន​ឡើង​ឈរ​នៅ​លើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League តាម​រយៈ​ការ​ផ្តល់ការ​រង​បរា​ជ័យ​ដ៏​អា​ម៉ាសមួយផ្សេង​ទៀត​ក្នុងលទ្ធ​ផល ២-០ លើ​ក្រុម Chelsea កាលពីថ្ងៃ​អង្គារ ដើម្បី​ធ្វើ​ឲ្យ​លោក​គ្រូបង្វឹក Frank Lampard ត្រូវ​ប្រយុទ្ធ​ដើម្បី​រក្សា​វត្តមាន​​នៅកីឡដ្ឋាន Stamford Bridge​​។

ក្រុម​តោ​ខៀវ បច្ចុប្បន្ន ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​​២លើក​គត់ក្នុង​ចំណោម​ការ​​ប្រកួត​ក្រប​ខ័ណ្ឌ​លីក​៨លើក​ចុងក្រោយ​របស់​ពួក​គេ ខណៈ​ដែល​ពួក​គេ​បាន​ធ្លាក់​​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៨ ដោយ​ដេញ​តាម​ពី​ក្រោយ​ក្រុម​កំពុង​នាំមុខ​រហូត​ដល់​ទៅ​៩​ពិន្ទុ​។ Chelsea ត្រូវ​បាន​រំពឹ​ទុក​ថា នឹងមាន​សមត្ថភាព​ក្នុង​ការ​​ប្រជែងដ​ណ្តើម​ពាន Premier League ក្រោយពី​បាន​ជះ​ទឹក​ប្រាក់​ដល់​ទៅ​២២០​លាន​ផោន (ស្មើ​នឹង​២៩៨​លាន​ដុល្លារ​អាមេរិក) ទៅ​លើ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​។ ប៉ុន្តែ បែរ​ជាក្រុម Leicester ទៅ​វិញ ដែល​កំពុង​តែ​​ស្ថិតលើផ្លូវ​ក្នុងការ​បង្កើត​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ថ្មី​ដូចក្នុង​រដូវ​កាលឆ្នាំ​២០១៥-២០១៦ ដែល​នៅ​ពេលនោះពួក​គេ​បាន​ធ្វើ​ឲ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​ឈ្នះ​ពាន Premier League​។

ការ​ឈ្នះ​ពាន​ជាលើក​ទី​២ក្នុង​រយៈ​ពេល​៥​ឆ្នាំ នឹង​បង្កើត​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តិ​ចតួច​ប៉ុណ្ណោះ បើ​ទោះ​បី​មានភាព​​ខុស​គ្នា​លើ​ហិរញ្ញ​វត្ថុ​រវាងក្រុម Leicester និង​ក្រុម​ខ្លាំង​ទាំង​៦​នៃក្រប​ខ័ណ្ឌកំពូល​របស់​អង់គ្លេស​ក៏ដោយ ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពួក​គេក្លាយ​ជា​ក្រុម​ខ្លាំង​មួយ​រួច​ជាស្រេច បើ​គិត​ចាប់​តាំងពី​លោក Brendan Rodgers បាន​​ចូល​កាន់​តំណែង​កាលពី​២ឆ្នាំមុន​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia