បរទេស៖ ខ្សែ​ប្រយុទ្ធ​ Lionel Messi របស់ក្លិប Barcelona បាន​រួច​ផុត​ពីការ​រពិន័យព្យួរ​រយៈ​ពេល​យូរ សម្រាប់​ការ​វាយ​ទៅ​លើ​កីឡាករ Asier Villalibre របស់ក្លិប Athletic Bilbao ក្នុង​ការ​ប្រកួត​ដណ្តើម​ពានអេ​ស្ប៉ាញ Super Cup វគ្គ​ផ្តាច់​ព្រ័ត្រ​កាលពីថ្ងៃ​អាទិត្យ និង​រង​ពិន័យព្យួរ​ត្រឹម​តែ​២​ប្រកួត​ប៉ុណ្ណោះ​។

សហ​ព័ន្ធ​កីឡា​បាល់ទាត់​អេ​ស្ប៉ាញ (RFEF) បាន​បញ្ជាក់​កាលពីថ្ងៃ​អង្គារថា Messi ត្រូវ​បាន​ដាក់​ពិន័យ​ព្យួរ​២​ប្រកួត ដែល​មានន័យ​ថា រូប​គេ​នឹង​អវត្ត​មាន​ក្នុងការ​ប្រកួត​ពាន Copa del Rey នៅ​លើ​ទឹកដីក្រុម Cornella នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ និង​ការ​ប្រកួតក្រប​ខ័ណ្ឌ La Liga ជា​មួយនឹងក្រុម Elche នៅថ្ងៃ​អាទិត្យ​។ រូប​គេ​នឹង​ត្រូវវិល​ចូលលេង​វិញ ដើម្បី​ប្រកួត​ជាមួយនឹងក្រុម Bilbao ក្នុងការ​ប្រកួត​ក្រ​ប​ខ័ណ្ឌ នៅ​ថ្ងៃ​ទី​២៩ ខែមករា​។ តារាឆ្នើម​អន្តរ​ជាតិ​អាហ្សង់ទីន​រូបនេះ បាន​រង​ពិន័យ​កាត​ក្រហម នៅ​ជិត​បញ្ចប់​ការ​ប្រកួត​នៃ​នាទី​បន្ថែម​១៥​នាទី​២ដង សម្រាប់​ការ​វាយ​ទៅ​លើ​មុខ​របស់​កីឡាករ Villalibre ក្នុងការ​ប្រកួត​ពាន Super Cup វគ្គ​ផ្តាច់​ព្រ័ត្រ ដោយ​ក្រុម Barca បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ៣-២​។

រូប​គេនឹង​​ត្រូវ​រង​ពិន័យ​ព្យួរ​រហូ​តដល់ទៅ​១២​ប្រកួត ប្រសិន​បើ​សហ​ព័ន្ធ​កីឡា​បាល់​ទាត់អេ​ស្ប៉ាញ ចាត់​ទុក​សកម្ម​ភាព​នេះ​គឺ​ជា​ការ​បង្ករជម្លោះ ប៉ុន្តែ បាន​ចាត់ទុក​ជា​អំពើហិង្សាអំឡុង​ពេល​ប្រកួត ដែល​ត្រូវ​រង​ពិន័យ​២ ឬ​៣​ប្រកួត​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia