បរទេស៖ លោក Zinedine Zidane បានប​ញ្ជាក់​ថា ​​កីឡាករ​របស់​​លោកនៅ​តែ​​ជឿជាក់​លើ​រូប​លោក ក្រោយពី​ក្រុម Real Madrid បាន​រង​ប​រា​ជ័យ​ដ៏​អាម៉ាស​ ក្រោមស្នា​ដៃក្រុម​ស្ថិតក្នុងក្រ​​បខ័ណ្ឌលំ​ដាប់​ទី​៣ Alcoyano ក្នុង​ការ​ប្រកួត​​ពាន Copa del Rey កាលពីថ្ងៃ​ពុធ​។

ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ La Liga មួយនេះ បាន​រង​បរា​ជ័យ​ក្នុងល​ទ្ធ​ផល ២-១ ក្រោមស្នា​ដៃក្រុម Alcoyano ដែល​បាន​កត់ត្រា​ជ័យ​ជម្នះ​ដ៏មិននឹកស្មាន​ដល់ នៅ​នាទី​បន្ថែម​១៥​នាទី​២ដង ក្រោយពី​បាន​​រង​ពិន័យ​កាត​ក្រហម​លើ​កីឡាករម្នាក់​របស់ខ្លួន​។ បច្ចុប្បន្ន​ក្រុម Real Madrid បាន​កត់ត្រា​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​គត់​ក្នុង​ចំណោម​ការ​ប្រកួត​៥​​លើក​ចុងក្រោយ ខណៈ​ដែល​រង​បរា​ជ័យ​នេះ កាន់​តែ​បន្ថែម​សម្ពាធ​​លើ​លោក​គ្រូបង្វឹក Zidane​។ នៅ​ពេល​ដែល​ត្រូវ​បាន​ចោទ​សួរ​​ថា លោក​នៅ​តែ​មានការ​គាំទ្រ​ពី​កីឡាករ​ ឬ​យ៉ាង​ណា លោក Zidane បាន​ឆ្លើយ​ថា៖ «ពិត​ណាស់ ខ្ញុំ​ជឿថា អ៊ី​ចឹង អ្នក​ត្រូវ​តែ​សួរ​ពួកគេ​ដោយខ្លួន​ឯង​។ យើង​បាន​សម្រេច​លទ្ធផល​​ល្អ​ៗ​ជាច្រើន​នៅ​រដូវ​កាល​នេះ ក្រៅពី​ការ​ប្រកួត​៤លើក​ចុង​ក្រោយ​។

ពេលនេះ យើង​មាន​ការ​ប្រកួត La Liga និង Champions League ហើយ​យើង​ត្រូវ​តែ​ធ្វើការ​​។ មិន​ថា ខ្ញុំ​និយាយ​បែប​ណា ប៉ុន្តែ អ្នក​ត្រូវ​តែសួរ​កីឡាករ​ដោយខ្លួន​ឯង​​។ ខ្ញុំ​មិន​អាច​ឆ្លើយ​បាន​ឡើយ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia