បរទេស៖ លោក Andrea Pirlo បាន​ឈ្នះពាន​ជាលើក​ដំបូង​របស់លោក​ក្នុងនាម​ជា​គ្រូបង្វឹក កាលពីថ្ងៃ​ពុធ ខណៈ​ដែលក្រុម Juventus បាន​ផ្តួល​ក្រុម Napoli ក្នុងលទ្ធ​ផល ២-០ ក្នុងការ​ប្រកួត​ពាន​អ៊ី​តាលី Super Cup​។

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo រក​បាន​គ្រាប់បាល់​ទី​២០​របស់​គេនៅ​រដូវកាល​នេះ ក្រោយពី​ការ​ស៊ុត​បាល់​ចេញពី​ជ្រុង​នៅនាទី ទី​៦៤ នៅមុន​ពេល​ Lorenzo Insigne ប្រធានក្រុម​នៃក្រុម Napoli បាន​ស៊ុត​បាល់​ប៉េណាល់​ទីមិន​ចូឡ​ទី ហើយ​ខ្សែ​ប្រយុទ្ធ Alvaro Morata បាន​បំពេញ​ជ័យ​ជម្នះ​របស់​ក្រុម​ខ្លួន​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​តែម្តង​។ លោក Pirlo វ័យ​៤១​ឆ្នាំ បាន​ឈ្នះពាន​ជាលើក​ដំបូង​របស់​លោក​ក្នុង​រយៈ​ពេល​៥​ខែ ក្រោយពី​ចូល​កាន់​តំណែង​ជា​គ្រូបង្វឹក​នៅ​អតីត​ក្លិប​របស់លោក​។ លោក Pirlo ដែល​បាន​លើក​ពាន​នេះ​៣លើកក្នុងនាម​ជា​កីឡាករ​ជាមួយនឹង​ក្លិប Juventus និង AC Milan នោះ បាន​ឲ្យដឹងថា៖ «ការ​ឈ្នះពាន​ជាលើក​ទី​១ក្នុងនាម​ជា​គ្រូបង្វឹក ពិត​ជា​រឿង​ដ៏​គួរ​ឲ្យ​រីករាយ​ណាស់​។ អារម្មណ៍​រីក​រាយ​ពិត​ជា​ខុស​គ្នា​ពេល​ស្ថិត​ជាកីឡាករ ដោយ​ពេលនេះ វា​កាន់​តែ​រំភើប​បន្ថែម​ទៀត​»​។

Juventus បាន​ឈ្នះពាន​ប្រចាំ​ឆ្នាំមួយ​នេះ ដែល​ការ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ជើង​ឯក​លីក និង​ជើង​ឯក Italian Cup ចំនួន​៩​លើក ក្រោយពី​បាន​បញ្ចប់​ត្រឹម​តែ​ជើង​ឯក​រង​បន្ទាប់​ពីក្រុម Lazio កាលពីឆ្នាំ​មុន​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia