បរទេស៖ លោក Jurgen Klopp បាន​ទទួលស្គាល់​ថា ការ​បញ្ចប់​ការមិនស្គាល់​ចាញ់​សោះ​ចំនួន​៦៨​ប្រកួត​របស់ក្រុម Liverpool នៅ​កីឡដ្ឋាន Anfield ហាក់ដូច​ជា​ការ «ត្រូវ​១​ដៃ​ចំ​មុខ​អ៊ី​ចឹង» ខណៈ​ដែលក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​របស់​ក្រប​ខ័ណ្ឌ Premier League បាន​រង​បរា​ជ័យដ៏មិននឹកស្មាន​ដល់​ក្នុង​លទ្ធផល ១-០ ក្រោមស្នា​ដៃក្រុម Burnley កាលពីថ្ងៃព្រហស្បតិ៍​។

ក្រុម​របស់លោក Klopp បាន​រង​បរា​ជ័យក្នុងការ​ប្រកួតក្រប​ខ័ណ្ឌលីក​លើ​ទឹក​ដីខ្លួន​ឯង​ជាលើក​ទី​១ បើ​គិត​ចាប់​តាំងពីក្រុម Crystal Palace ដណ្តើម​បាន​ជ័យ​ជម្នះ​នៅកីឡដ្ឋាន Anfield កាល​ពី​ខែ​មេសា ឆ្នាំ​២០១៧​។ កីឡាករ Ashley Barnes បាន​ជួយ​ឲ្យ​ក្រុម Burnley ដណ្តើម​បាន​ជ័យ​ជម្នះ​ជាលើក​ដំបូ​ង​នៅ​លើ​ទឹកដីក្រុម Liverpool បើ​គិត​ចាប់​តាំងពីឆ្នាំ​១៩៧៤ នៅពេល​ដែល​រូប​គេ​បាន​ស៊ុត​បាល់​បាល់​បំប៉ោង​សំណាញ់​ទី​ ពី​បាល់​​ប៉េ​ណាល់​ទី​នៅនាទី ទី​៨៣ ក្រោយពី​រង​នូវ​ការ​ប្រព្រឹត្ត​ដោយ​អ្នក​ចាំទី Alisson Becker របស់ Liverpool​​។ លោក Klopp បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជាការ​​ត្រូវ​១​ដៃ​យ៉ាង​ធ្ងន់​ចំ​មុខ​។ យើង​បាន​គ្រប់​គ្រង​បាល់​ជាច្រើន បាន​បង្កើត​ឱកាស​ជាច្រើន ប៉ុន្តែ មិន​បាន​បញ្ចប់​ស្ថាន​ភាព​នោះ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «បញ្ហានោះ​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​ស្ថិតក្នុង​តុល្យ​ភាព ហើយ​បន្ទាប់​មក ពួក​គេ​ទទួល​បាន​បាល់​ប៉េ​ណាល់ទី​។ Alisson បាន​ប្រាប់​ខ្ញុំ​ថា គេ​មិន​បាន​ប៉ះ​គូ​បក្ខ​ដិ​បក្ស​ឡើយ ប៉ុន្តែ ខ្ញុំ​មិនបានមើល​វីដេ​អូ​ឡើង​វិញឡើយ​​។ យើង​ចាញ់​ការ​ប្រកួត​មួយ ដែល​ខ្ញុំ​គិត​ថា វា​មិន​អាច​ទៅ​រួច​ឡើយ​ដែល​យើង​ចាញ់​។ ប៉ុន្តែ យើង​ពិត​ជា​ចាញ់​មែន​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia