បរទេស៖ ស្រប​​ពេល​ដែល​លោក Zinedine Zidane កំពុង​តែ​ជួប​​វិបត្តិ​​ជាលើក​ទី​៣​ក្នុង​​ការ​ចូល​កាន់​តំណែង​ជាលើក​ទី​២​របស់​លោកនៅ​ក្លិប Real Madrid កីឡាករ​របស់​​លោក ត្រូវ​តែ​​ប្រយុទ្ធ​ម្តង​ទៀត​ដើម្បី​រក្សា​វត្ត​មាន​របស់​គ្រូបង្វឹក​ខ្លួន​ឲ្យ​នៅ​លើ​ទីលាន​ប្រកួត នៅ​​ពេល​ដែល​ធ្វើ​ដំណើរ​ទៅ​ជួបក្រុម Alaves ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ La Liga នៅ​ថ្ងៃ​សៅរ៍ ក្រោយ​ពី​ធ្លាក់​ចេញ​យ៉ាង​អា​ម៉ាស​ក្នុងការ​ប្រកួតពាន Copa del Rey ក្រោមស្នា​ដៃក្រុម Alcoyano​។

ការ​រង​បរា​ជ័យ​ក្នុងលទ្ធផល ២-១ នៅនាទី​បន្ថែម​១៥នាទី​២​ដង កាលពីថ្ងៃ​ពុធ ក្រោមស្នា​ដៃក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌលំ​ដាប់​ទី​៣ ដែល​ជាក្រុម​ពាក់​កណ្តាល​​អាជីព បាន​កើតឡើ បន្ទាប់​ពី​ចាញ់​ក្រុម Athletic Bilbao ២-១ ក្នុង​ការ​ប្រកួត​ពាន​អេ​ស្ប៉ាញ Super Cup និង​បាន​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក La Liga មួយ​នេះ ​ដណ្តើម​បាន​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​គត់​ក្នុង​ចំណោម​ការ​ប្រកួត​៥លើក​ចុងក្រោយ​​។ លោក Zidane ដែល​ដឹង​យ៉ាង​ច្បាស់​ពី​សម្ពាធ​នៅក្លិប Real នោះ មិន​បាន​បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​​ចំពោះ​ការ​ចាញ់​ក្រោមស្នា​ដៃក្រុម Alcoyano និង​បាន​បញ្ជាក់​ថា នេះ​គួរ​តែមិនមែន​ជា​រឿង​អាម៉ាសឡើយ រួម​ទាំង​បាន​សន្យា​ថា ក្រុម​របស់​លោក​នឹង​មិន​បាក់​ទឹក​ចិត្ត​ឡើយ ដោយ​សារ​តែ​លទ្ធផល​ចាញ់នេះ​ឡើយ​។

ប៉ុន្តែ បណ្តាញ​សារ​ព័ត៌​មាន​ហាក់​បាន​បង្ហាញពី​ផ្នត់​គំនិត​ផ្សេង​ពីនេះ ដោយ​កា​សែត Marca បាន​សរសេរ​ចំណង​ជើង​ដាក់​លើ​គម្រប​កាសែត​ថា «គ្មាន​នរណាម្នាក់​អាច​គេចផុត​គ្រោះ​មហន្តរាយ​នេះឡើយ​ ខណៈ​ដែល​កា​សែត​ប្រចាំ​ថ្ងៃ AS បាន​ចាត់​ទុក​ថា «​ជារឿង​អាម៉ាស»​៕

 

ប្រភព​​ព័ត៌​មាន៖ Channel News Asia