បរទេស៖ ខ្សែ​ប្រយុទ្ធ Luis Suarez បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ​ ខណៈ​ដែល Atletico Madrid បាន​វាយ​បក​តាម​ពី​ក្រោយ​ដើម្បី​ផ្តួលក្រុម Valencia ក្នុង​លទ្ធផល ៣-១ កាលពីថ្ងៃ​អាទិត្យ និង​ឡើង​ឈរ​​៧ពិន្ទុ​ដាច់​លើ​កំពូល​តារាង La Liga​។

ក្រោយពីក្រុម Real Madrid បាន​ផ្តួលក្រុម Alaves កាលពីថ្ងៃ​សៅរ៍ ក្រុម Barca ក៏​ដណ្តើម​បាន​ជ័យ​ជម្នះ​ផង​ដែរ តាមរយៈ​ការ​យកឈ្នះលើក្រុម Elche​។ ប៉ុន្តែ ក្រុម Atletico បាន​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន ខណៈ​ដែលពិន្ទុ​នាំមុខ​របស់​គេ​​នៅ​តែ​បន្ត ខណៈ​ដែលនៅ​សល់​១​​ប្រកួត​ក្នុង​។ Atletico កំពុង​តែ​នាំមុខលើកំពូល​តារាង ដោយ​មាន​៤៧ពិន្ទុ ពី​ការ​ប្រកួត​១៨​លើក ដោយ​​នាំមុខ​៧ពិន្ទុ​លើ​ក្រុម​លេខ​២ Real Madrid និង​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​។ ដោយ​ឡែក ក្រុម Valencia ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​១៤ ដោយមាន​២០ពិន្ទុ​។ ខ្សែ​ប្រយុទ្ធ Joao Felix ដែល​ជា​អ្នក​រក​គ្រាប់បាល់​តាមស្មើ​សម្រាប់​ក្រុម Atletico នោះ បាន​ឲ្យដឹងថា៖ «​នេះ​គឺ​ជា​ឱកាស​ដ៏ល្អ​ឥត​ខ្ចោះ​ក្នុងការ​ចាប់​ដៃគូ​ជាមួយនឹង​​ខ្សែ​ប្រយុទ្ធ​ម្នាក់​ដូច​ជា Luis Suarez​។

រូប​គេ​​រក្សាការ​រក​គ្រាប់បាល់​បញ្ចូល​ទី​ ហើយ​រូប​គេ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម​នេះ​​។ យើង​​បាន​របូត​គ្រាប់បាល់​នៅ​ដើម​តង់ពិតមែន ប៉ុន្តែ យើង​ជា​ក្រុម​មួយ​ដែល​រក្សា​ការ​ប្រយុទ្ធ​រហូត​ដល់​ទី​បញ្ចប់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia