លោក Frank Lampard បាន​សម្តែង​ការ​ខក​ចិត្ត​របស់​លោក ចំពោះ​ការ​មិន​ត្រូវ​បាន​ផ្តល់​ពេល​វេលា​ឲ្យ​បង្កើត​ភាព​ជោគ​ជ័យ ក្រោយពី​រង​ការ​បណ្តេញ​ចេញ​ដោយ​ក្លិប Chelsea កាលពីថ្ងៃ​ចន្ទ ខណៈ​ដែល​លោក Thomas Tuchel អតីត​គ្រូបង្វឹករបស់​ក្លិប Paris Saint-Germain នឹង​ត្រូវ​ចូល​កាន់​តំណែង​នៅ​កីឡដ្ឋាន Stamford Bridge​។

លោក Lampard បាន​ដឹកនាំ​ឲ្យ​ក្រុម Chelsea បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ នៅលើ​តារាង​ក្រប​ខ័ណ្ឌ Premier League និង​ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន FA Cup ក្នុង​រដូវ​កាល​ទី​១​របស់​លោក ក្នុងនាម​ជា​គ្រូបង្វឹក​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក​មិន​អាច​ធ្វើ​ឲ្យ​បាន​​ហួស​ពីការ​រំពឹង​ទុក​ឡើយ​នៅ​រដូវ​កាល​នេះ ក្រោយ​ពី​ក្លិប បានចំណាយ​ទឹក​ប្រាក់​ចំនួន​២២០​លាន​ផោន (ស្មើ​នឹង​៣០០​លាន​ដុល្លារ​អាមេរិក) ទៅលើ​កីឡាករ​ថ្មី ក្នុង​ពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​កាលពី​រដូវក្តៅ​មុន​​។ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-១ លើ​ក្រុម Luton ក្នុង​ការ​ប្រកួត​​ពាន FA Cup ជុំ​ទី​៤ កាលពីថ្ងៃ​អាទិត្យ មិន​គ្រប់គ្រាន់​ក្នុងការ​សង្គ្រោះ​អតីត​តារាឆ្នើម​អន្តរ​ជាតិ​អង់​គ្លេស​រូប​នេះ​ឡើយ​។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម Instagram របស់​លោក លោក Lampard បាន​ឲ្យដឹងថា៖ «វា​តែង​តែ​ជាកិត្តិ​យស​ដ៏ធំ​មួយ ក្នុង​ការ​ដឹកនាំក្លិប Chelsea ដែលជាក្លិបខ្ញុំ​​ស្រឡាញ់​។ ប៉ុន្តែ ខ្ញុំ​ពិត​ជា​ខក​ចិត្ត​ដែល​មិនមាន​ពេល​នៅ​រដូវ​កាល​នេះ ក្នុងការ​ដឹកនាំ​ឲ្យ​ក្លិបឆ្ពោះ​ទៅ​មុខ និង​នាំ​យក​ក្លិប​នេះ​ទៅកាន់​កម្រិត​មួយ​​ទៀត​»៕

ប្រភព​ព័ត៌​មាន៖ Channel News Asia