បរទេស៖ លោក Thomas Tuchel បានទទួលស្គាល់ថា ក្រុម Chelsea នឹងត្រូវប្រឈមនឹងការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលទាំង៤របស់ក្របខ័ណ្ឌ Premier Leaue ក្រោយពីការប្រកួតជាលើកដំបូងរបស់លោកបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Wolves កាលពីថ្ងៃពុធ។
លោក Tuchel បានចូលកាន់តំណែងជំនួសលោក Frank Lampard ក្នុងពេលដែល Chelsea ស្ថិតក្នុងចំណាត់ថ្នាក់ពាក់កណ្តាលតារាង បន្ទាប់ពីការធ្លាក់ចុះទម្រង់លេងជាបន្តបន្ទាប់។ អតីតគ្រូបង្វឹករបស់ក្លិប Paris Saint Germain រូបនេះ មិនអាចបង្កើតភាពអស្ចារ្យភ្លាមៗដល់ក្រុមថ្មីរបស់លោកនៅក្នុងការបង្ហាញខ្លួនជាលើកដំបូងរបស់លោកនៅកីឡដ្ឋាន Stamford Bridge ឡើយ។ បន្ទាប់ពីការប្រកួតនេះ លោក Tuchel បានទទួលស្គាល់ថា ក្រុម Chelsea មិនមានឱកាសឈ្នះពានឡើយ ហើយនិងត្រូវតែប្រជែងដណ្តើមកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។
Chelsea ដែលមាន៥ពិន្ទុពីក្រោយក្រុមឈរលេខ៤ West Ham នោះ បានឈ្នះត្រឹមតែ២លើកគត់ក្នុងចំណោមការប្រកួតលីក៩លើកចុងក្រោយរបស់ពួកគេ ហើយលោក Tuchel បានឲ្យដឹងថា៖ «ការប្រជែងពានហាក់ដូចនៅឆ្ងាយពេកហើយ។ យើងត្រូវតែមើលស្ថានភាពជាក់ស្តែងនៅពេលនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia