បរទេស៖ Liverpool បាន​បញ្ចប់​ការ​ចាញ់​ជាប់​ៗ​គ្នា​ត្រឹម​៥​ប្រកួត ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ដើម្បី​វិល​ទៅ​កាន់​ចំណាត់​ថ្នាក់​កំពូល​ទាំង​៤​វិញ ក្រោយពី​ដណ្តើម​បានជ័យ​ជម្នះ​ក្នុលទ្ធ​ផល ៣-១ នៅ​លើ​ទឹកដីក្រុម Tottenham កាលពី​ថ្ងៃព្រហស្បតិ៍ ខណៈ​ដែល Spurs ក៏​បាន​បាត់​បង់​ខ្សែ​ប្រយុទ្ធ Harry Kane ដោយ​សារ​តែ​របួស​ក​ជើងផង​ដែរ​។

ក្រុមម្ចាស់​ជើង​ឯក​​អង់គ្លេស Liverpool មិន​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ឡើយ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌលីក​៤លើក​ចុងក្រោយ​របស់​ពួក​គេ ប៉ុន្តែ Jurgen Klopp បាន​បញ្ជាក់់​ថា លោក​បាន​រៀ​ប​ចំក្រុម​របស់លោក​ឡើង​វិញ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ​ទាំង​៣​របស់​ពួក​គេ​បាន​បង្ហាញ​ពី​ទម្រង់​លេងយ៉ាង​រស់រវើក ក្រោយពី​ Roberto Firmino បាន​បញ្ចប់​ការមិន​អាច​រក​បាន​គ្រាប់បាល់​ត្រឹម​៤៩២នាទី តាមរយៈ​ការ​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​។

Kane បាន​ប្តូរ​ចេញ ក្រោយពី​ទទួល​ការ​ព្យា​បាល​២លើក នៅ​របួស​កជើង​របស់​គេ នៅ​តង់​ទី​១ និង​ត្រូវ​បាន​ជំនួស​នៅ​ត្រឹម​ពាក់​កណ្តាល​តង់ ខណៈ​ដែល​លោក Jose Mourinho ព្យាករ​ថា ប្រធាន​ក្រុមនៃក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះ នឹង​ត្រូវ​អវត្តមាន​យ៉ាង​ហោច​ណាស់​ពី​៣ ទៅ​៤សប្តាហ៍​។ លោក Mourinho បាន​ឲ្យដឹងថា៖ «រូប​គេ​រង​របួស​ក​ជើង​ទាំង​សងខាង ដោយ​​​ជើង​ម្ខាង​រង​របួស​ខ្លាំង​ជាង​ជើងម្ខាង​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia