បរទេស៖ Arsenal មិនប្រាកដចិត្តថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នឹងត្រៀមខ្លួនឲ្យបានរួចរាល់ដើម្បីលេងក្នុងការប្រកួតក្របខ័ណ្ឌ Premier League លើទឹកដីខ្លួនឯងជាមួយនឹងក្រុម Manchester United នៅថ្ងៃសៅរ៍ ឡើយ ក្រោយពីតារាឆ្នើមរូបនេះ បានអវត្តមានក្នុងការប្រកួត២លើក ដោយសារតែជំងឺរបស់ម្តាយគេ។
Aubameyang បានខកខ្លួនចេញពីការប្រកួតពាន FA Cup ជុំទី៤របស់ក្រុម Arsenal នៅលើទឹកដីក្រុម Southampton កាលពីចុងសប្តាហ៍មុន ហើយក៏បានអវត្តមានក្នុងពេលក្រុមខ្លួនបានទទួលជ័យជម្នះ ៣-១ លើគូប្រកួតដូចគ្នានេះ ក្នុងការប្រកួតក្របខ័ណ្ឌ កាលពីថ្ងៃអង្គារ ផងដែរ។ លោក Arteta ត្រូវបានគេចោទសួរអំពីខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះ ក្រោយពី Aubameyang វ័យ៣១ឆ្នាំ បានថ្លែងអំណរគុណដល់ក្រុម Arsenal ចំពោះការគាំទ្ររបស់ពួកគេ និងបានបញ្ជាក់ថា រូបគេនឹងវិលត្រឡប់មកវិញ នៅមុនពេលការប្រកួតជាមួយនឹងក្រុម Man United។
លោក Arteta បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំមិនដឹងទេ។ ខ្ញុំបាននិយាយជាមួយនឹងរូបគេកាលពីថ្ងៃម្សិលមិញ។ អ្វីៗកំពុងមានភាពល្អប្រសើរនៅពេលនេះ ប៉ុន្តែ យើងនឹងត្រូវតែរង់ចាំមើលសិន។ រូបគេជាប្រធានក្រុមរបស់យើង និងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏សំខាន់បំផុត។ យើងកំពុងតែធ្វើអ្វីដែលយើងាចដើម្បីមានរូបគេឲ្យបានឆាប់បំផុតតាមដែលអាច»៕
ប្រភពព័ត៌មាន៖ Channel News Asia