បរទេស៖ ខ្សែ​ប្រយុទ្ធ Neymar បាន​បញ្ជាក់​កាលពីថ្ងៃ​អាទិត្យ​ថា រូប​គេ​សង្ឃឹម​ថា នឹង​បន្តនៅ​ជាមួយ​នឹងក្លិប Paris Saint-Germain បន្ទាប់​ពី​រដូវ​កាល​នេះ ហើយ​ក៏​ចង់​ឲ្យ Kylian Mbappe ជម្រះ​ពី​អនា​គតរបស់​គេ​ដើម្បី​បន្ត​នៅ​ជាមួយនឹងក្រុម​ម្ចាស់​ជើង​ឯក​របស់​បារាំង​មួយនេះ​ផង​​ដែរ​។

តារាឆ្នើម​អន្តរ​ជាតិ​ប្រេស៊ីល Neymar កំពុង​តែ​ពិភាក្សា​ជាមួយ​នឹងក្លិប PSG ជុំ​វិញ​ការ​បន្ត​កិច្ច​សន្យា​ថ្មី ខណៈដែល​កិច្ច​សន្យា​នា​ពេល​បច្ចុប្បន្ន​របស់គេ នឹ​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០២២​។ កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ បាន​ប្រាប់​ទូរទស្សន៍បារាំង TF1 ថា៖ «ខ្ញុំ​ពិត​ជា​រីក​រាយណាស់​នៅពេល​នេះ​។ អ្វី​ៗ​បានផ្លាស់​ប្តូរ​ជាច្រើន​។ ខ្ញុំ​ពិត​ជាមិន​​អាច​ប្រាប់​ពី​មូលហេតុ​​បាន​ឡើយ​។ ខ្ញុំ​មាន​អារម្មណ៍​ល្អ ខ្ញុំ​អាច​សម្របខ្លួន​បាន​​ ខ្ញុំ​មាន​អារម្មណ៍​ត្រជាក់​ជាង​មុន​។

ខ្ញុំ​ចង់​បន្ត​នៅ​ជាមួយនឹង​ក្លិប PSG​»។ Neymar ដែល​​ក្លិប PSG បាន​ធ្វើ​ឲ្យ​ក្លាយ​ជា​កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុតក្នុង​ពិភព​លោក​ជាមួយនឹង​ការ​ផ្ទេរក្នុង​តម្លៃ​ខ្លួន​២២២លាន​អឺ​រ៉ូ (ស្មើ​នឹង​២៦៩​លាន​ដុល្លារ​អាមេរិក) ពីក្លិប Barcelona កាលពីឆ្នាំ​២០១៧នោះ បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេល​ចាញ់​ក្រុម Lorient កាលពី​ថ្ងៃ​អាទិត្យ ដែល​ជា​ការ​ចាញ់​ជាលើក​ទី​១​របស់ PSG ក្រោមការ​ដឹកនាំ​របស់​លោក Mauricio Pochettino​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia