បរទេស៖ Chelsea បានកត់ត្រាជ័យជម្នះជាលើកដំបូងរបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Thomas Tuchel កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុម Leicester បានខ្ជះខ្ជាយឱកាសរបស់ពួកគេ ក្នុងការឡើងឈរពីលើក្រុម Manchester United ក្នុងចំណាត់ថ្នាក់លេខ២ នៅលើតារាងក្របខ័ណ្ឌ Premier League។
ខ្សែការពារ Cesar Azpilicueta និង Marcos Alonso បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អ ខណៈដែលក្រុម Chelsea បានផ្តួលក្រុម Burnley ក្នុងលទ្ធផល ២-០ នាកីឡដ្ឋាន Stamford Bridge។ ក្រុម Leicester ដែលសម្លឹងរកការកាត់បន្ថយការដេញតាមពីក្រោយក្រុមឈរលេខ១ Manchester City នៅត្រឹម២ពិន្ទុនោះ បានរកគ្រាប់បាល់នាំមុខមុន នៅពេលប្រកួតជាមួយនឹងក្រុម Leeds United ប៉ុន្តែ កីឡាករ Patrick Bamford បានបង្ហាញពីទម្រង់លេងយ៉ាងល្អ ដើម្បីជួយឲ្យក្រុមខ្លួនស៊ុតបាល់បញ្ចូលទី៣គ្រាប់ ខណៈដែលក្រុមរបស់លោក Marcelo Bielsa បានកត់ត្រាជ័យជម្នះដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ៣-១។
លោក Tuchel អតីតគ្រូបង្វឹករបស់ក្លិប Paris Saint-German ត្រូវបានគេនាំយកដើម្បីជំនួសកន្លែងរបស់លោក Frank Lampard កាលពីចុងសប្តាហ៍មុន ដើម្បីជួយឲ្យក្រុម Chelsea វិលទៅកាន់ការប្រជែងដណ្តើមកៅអីក្នុងក្របខ័ណ្ឌ Champions League។ លទ្ធផលនេះ បានជួយឲ្យក្រុម Chelsea ឡើងឈរលេខ៧ ដោយដេញតាមពីក្រោយក្រុមឈរលេខ៤ Liverpool ត្រឹមតែ៤ពិន្ទុគត់៕
ប្រភពព័ត៌មាន៖ Channel News Asia