បរទេស៖ ក្រុមបិសាចក្រហម Manchester United បានតាមស្មើកំណត់ត្រានៃការឈ្នះនៅក្នុងក្របខ័ណ្ឌ Premier League តាមរយៈការយកឈ្នះលើក្រុមនៅសល់សមាជិកត្រឹមតែ៩នាក់ Southampton យ៉ាងចាស់ដៃក្នុងលទ្ធផល ៩-០ កាលពីថ្ងៃអង្គារ ដើម្បីតាមស្មើពិន្ទុជាមួយនឹងក្រុម Manchester City នៅលើទឹកកំពូលតារាង។
នេះគឺជារដូវកាលជាលើកទី២ជាប់ៗគ្នាដែលក្រុម Southampton បានរងបរាជ័យ ៩-០ ក្រោយពីកាលពីរដូវកាលមុន នៅកីឡដ្ឋាន St Mary ក្រុម Leicester បានតាមស្មើកំណត់ត្រាដែលត្រូវបានបង្កើតឡើដោយក្រុម Man United នៅពេលប្រកួតជាមួយនឹងក្រុម Ipswich ក្នុងឆ្នាំ១៩៩៥។ ក្រុមភ្ញៀវបានរងបរាជ័យដ៏អាម៉ាសមួយនេះ ដោយសារតែការរងពិន័យកាតក្រហមរបស់ Alexandre Jankewitz នៅវិនាទី ទី២ នៅថ្ងៃនៃការបង្ហាញខ្លួនជាលើកដំបូងរបស់គេក្នុងក្របខ័ណ្ឌ Premier League មុននឹងបាត់បង់កីឡាករម្នាក់ទៀតនៅតង់ទី២។ កីឡាករ Aaron Wan-Bissaka, Marcus Rashford, Edinson Cavani និងការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Jan Bednarek បានជួយឲ្យក្រុមម្ចាស់ផ្ទះនាំមុខ ៤-០ នៅតង់ទី១។
ខ្សែប្រយុទ្ធ Anthony Martial បានចូលលេងក្នុងនាមជាកីឡាករបម្រុង ដើម្បីស៊ុតបាល់បញ្ចូលទី២គ្រាប់នៅតង់ទី២ ស្របពេលដែល Scott McTominay, Bruno Fernandes និង Daniel James ក៏បានស៊ុតបាល់បញ្ចូលទីផងដែរ។ ជ័យជម្នះនេះមានន័យថា Man United បានវិលទៅកាន់ផ្លូវនៃជ័យជម្នះវិញ៕
ប្រភពព័ត៌មាន៖ Channel News Asia