បរទេស៖ ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុម Juventus បានវាយបកដេញតាមពីក្រោយដើម្បីផ្តួលក្រុម Inter Milan ក្នុងលទ្ធផល ២-១ នាកីឡដ្ឋាន San Siro ក្នុងការប្រកួតពាន Italian Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១របស់ពួកគេ កាលពីថ្ងៃអង្គារ។
ក្រុមម្ចាស់ជើងឯក១៣សម័យកាល Juventus នឹងមានក្តីសង្ឃឹមខ្ពស់ក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រជាលើកទី៦ ក្នុងរយៈពេល៧ឆ្នាំ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម ក្នុងទីក្រុង Turin នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។ ក្រុម Inter ដែលបានផ្តួលក្រុម Juventus ២-០ ក្នុងការប្រកួតក្របខ័ណ្ឌ Serie A កាលពីខែមុននោះ ត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីរក្សាក្តីសង្ឃឹមរសប់ខ្លួនក្នុងការឈ្នះពាន Italian Cup ជាលើកទី១ បើគិតចាប់តាំងពី២០១១។
ខ្សែបម្រើ Adrien Rabiot របស់ក្លិប Juventus បានប្រាប់បណ្តាញសារព័ត៌មាន Rai Sport ថា៖ «វាពិតជាសំខាន់ណាស់ ក្រោយពីការរងបរាជ័យក្នុងការប្រកួតក្របខ័ណ្ឌលីក។ យើងបានឃើញក្រុមផ្សេងគ្នាមួយ និងបានបង្ហាញថា យើងកំពុងតែស្ថិតក្នុងកម្រិតស្មើនឹងក្រុម Inter ដែរ»។ ក្រុម Juventus ដែលជាម្ចាស់ជើងឯករងកាលពីឆ្នាំមុន នឹងត្រូវប្រកួតជើទី២ នៅថ្ងៃទី៩ ខែកុម្ភៈ ហើយក្រុមម្ចាស់ផ្ទះ នឹងត្រូវប៉ះក្រុម Napoli ឬ Atalanta ក្នុងវគ្គផ្តាច់ព្រ័ត្រ៕
ប្រភពព័ត៌មាន៖ Channel News Asia