បរទេស៖ លោក Mikel Arteta បានបញ្ជាក់ថា កីឡាកររបស់លោកគួរតែមានមោទនភាពទៅលើទម្រង់លេងរបស់ខ្លួន បើទោះបីក្រុម Arsenal បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Wolves ក៏ដោយ ក្រោយពីរបូតគ្រាប់បាល់នាំមុខមុន និងរងពិន័យកាតក្រហម២លើក កាលពីថ្ងៃអង្គារ។
ដំណាក់កាលដ៏សំខាន់ក្នុងការប្រកួតនេះ បានកើតឡើងនៅជិតបញ្ចប់តង់ទី១ នៅពេលដែលលោកអាជ្ញាកណ្តាល Craig Pawson បានផ្តល់បាល់ពិន័យប៉េណាល់ទីដល់ក្រុមម្ចាស់ផ្ទះ និងពិន័យកាតក្រហមដល់ខ្សែការពារ David Luiz ក្រោយពីកីឡាករប្រេស៊ីលរូបនេះ ហាក់បានទាញកែងជើងរបស់កីឡាករ Willian Jose ក្នុងប្រអប់ទី។ ប៉ុន្តែ វីដេអូជំនួយការអាជ្ញាកណ្តាល (VAR) បានបង្ហាញពីការប៉ះតិចតួចប៉ុណ្ណោះ បើទោះបីខ្សែប្រយុទ្ធរបស់ក្រុមភ្ញៀវបានដួលក៏ដោយ។ Ruben Neves បានស៊ុតបាល់ប៉េណាល់ទីចូលទីដើម្បីតាមស្មើវិញ ហើយរយៈពេល៣នាទី នៅដើមតង់ទី២ Wolves បានបំពេញការវាយបករបស់ខ្លួន តាមរយៈគ្រាប់បាល់ស៊ុតពីចម្ងាយរបស់កីឡាករ Joao Moutinho។
Arsenal បានជួបការខកចិត្តបន្ថែមទៀត នៅពេលដែលកីឡាករ Bernd Leno បានរងការពិន័យកាតក្រហមភ្លាមៗ សម្រាប់ការយកដៃប៉ះបាល់នៅក្រៅប្រអប់គ្រោះថ្នាក់ ក្រោយពីបានសម្រេចចិត្តខុសទៅលើការបញ្ជូនឆ្លងពីចម្ងាយមួយ។ ប៉ុន្តែ លោក Arsenal បាននិយាយបន្ទាប់ពីការប្រកួតថា៖ «សរុបមក ខ្ញុំត្រូវតែនិយាយថា ខ្ញុំពិតជាមានមោទនភាពចំពោះក្រុមរបស់យើង និងរបៀបដែលយើងបានលេង និងរបៀបដែលយើងបានគ្រប់គ្រងនៅតង់ទី១»៕
ប្រភពព័ត៌មាន៖ Channel News Asia