បរទេស៖ លោក Jose Mourinho គ្រូបង្វឹករបស់ក្រុម Tottenham បានបន្ថែមសម្ពាធលើអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Chelsea លោក Thomas Tuchel តាមរយៈការបញ្ជាក់ថា វាជារឿងងាយស្រួលណាស់ក្នុងការឈ្នះពាននានានៅកីឡដ្ឋាន Stamford Bridge។ លោក Mourinho បានឈ្នះពានក្របខ័ណ្ឌ Premier League ចំនួន៣លើក ហើយក៏បានឈ្នះពាន FA Cup និង League Cup ផងដែរ អំឡុងពេលនៃការដឹកនាំចំនួន២លើករបស់លោកនៅក្លិប Chelsea។
បើទោះបីគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ ត្រូវបានបណ្តេញចេញចំនួន២លើក ដោយលោក Roman Abramovich ម្ចាស់កម្មសិទ្ធិក្លិប Chelsea ក៏ដោយ ប៉ុន្តែ លោក Mourinho បានបញ្ជាក់ថា ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គ្រូបង្វឹករបស់ក្លិប Chelsea មានន័យថា ការឈ្នះពាននានាមិនលំបាកឡើយ។ ការលើកឡើងបែបនេះប្រហែលជាមិនមែនជាដំបូន្មានដ៏ល្អឡើយសម្រាប់អតីតគ្រូបង្វឹករបស់ក្លិប Paris Saint-Germain លោក Tuchel ដែលនឹងត្រូវធ្វើដំណើរទៅជួបលោក Mourinho នៅពេលដែលក្រុម Chelsea ទៅប្រកួតលើទឹកដីក្រុម Tottenham នៅរាត្រីនេះ។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងត្រូវដឹកនាំក្នុងការប្រកួតជាលើកទី៣របស់ Chelsea បើគិតចាប់តាំងពីចូលកាន់តំណែងជំនួសលោកគ្រូបង្វឹក Frank Lampard កាលពីសប្តាហ៍មុន។
លោក Mourinho បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា៖ «ខ្ញុំគិតថា វាមិនមែនជារឿងលំបាកឡើយក្នុងការធ្វើជាគ្រូបង្វឹកនៅក្លិប Chelsea ពីព្រោះខ្ញុំបានក្លាយជាម្ចាស់ជើងឯក៣លើក លោក (Carlo) Ancelotti ក៏បានឈ្នះពាន ហើយលោក Antonio Conte ក៏បានឈ្នះពានផងដែរ»៕
ប្រភពព័ត៌មាន៖ Channel News Asia