បរទេស៖ ក្រុម Manchester City បាន​បន្ថែម​​ពិន្ទុ​នាំមុខ​របស់​ពួក​គេនៅលើ​កំពូល​តារាងនៃក្រប​ខ័ណ្ឌ Premier League ខណៈ​ដែល​ពួក​គេ​បាន​ផ្តួល​ក្រុម Liverpool យ៉ាង​ចាស់ដៃក្នុង​លទ្ធផល ៤-១ នៅ​​កីឡដ្ឋាន Anfield ក្រោយពីខ្សែ​បម្រើ Phil Foden បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ ក្រោមការ​ធ្វេស​ប្រហែស​របស់​អ្នក​ចាំ​ទី Alisson របស់ Liverpool​។

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​យ៉ាង​កក់​ក្តៅ​កាលពីថ្ងៃ​អាទិត្យ ដែល​ជា​ជ័យ​ជម្នះ​ជាលើក​ទី​១​របស់ Man City នៅ Anfield បើ​គិត​ចាប់​តាំងពីឆ្នាំ​២០០៣ និង​ជា​ការ​ឈ្នះ​ក្រៅដី​ជាលើក​ទី​១របស់​លោក Pep Guardiola លើ​ក្រុម Liverpool ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ បាន​កើត​ឡើង​ក្រោយពី​ពួក​គេ​បានស្រោច​ស្រង់​ពីការ​ស៊ុត​បាល់​​ប៉េ​ណាល់​ទី​មិនចូល​ទី​របស់ Ilkay Gundogan នៅ​តង់​ទី​១​។ការ​រង​បរា​ជ័យ​លើ​ទឹកដីខ្លួន​ឯង​ជាលើក​ទី​៣​ជាប់​ៗ​គ្នា​ធ្វើ​ឲ្យ​ក្រុម Liverpool ដេញ​តាមពីក្រោយក្រុម​ឈរលេខ​១ ដល់​ទៅ​១០ពិន្ទុ និង​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ក្រោយពី​បាន​លេង​ការ​ប្រកួត​ច្រើន​ជាង​ក្រុម Man City ១​ប្រកួត​​។ ខ្សែ​ប្រយុទ្ធ Raheem Sterling និ​ខ្សែ​បម្រើ Phil Foden ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ផង​ដែរ សម្រាប់​ក្រុម​ភ្ញៀវ នៅ​ថ្ងៃ​ដ៏គួរ​ឲ្យ​ខក​ចិត្ត​សម្រាប់​អ្នក​ចាំ​ទី Alisson Becker របស់ Liverpool ក្រោយពី​បាន​ប្រព្រឹត្ត​កំហុស​ដែល​នាំ​ឲ្យ​ក្រុម Man City រក​បាន​​គ្រាប់​បាល់​២​គ្រាប់​។

លោក Guardiola បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជា​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​ធំមួយ​សម្រាប់យើង​។ ខ្ញុំ​បាន​ពិចារណា​ទៅ​លើ​ធាតុពិត​ដែល​យើង​ឈ្នះ ក្រោយពី​​យើង​បាន​ស៊ុត​បាល់​​ប៉េណាល់​ទីមិនចូល​ទី​។ របៀបដែល​យើងបាន​លេង បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រែប្រួល»៕

ប្រភព​ព័ត៌មាន៖ BBC