បរទេស៖ លោក Ole Gunnar Solskjaer អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Manchester United បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​មិនគួរ​ត្រូវ​បាន​ចាត់​ទុក​ថា ជាក្រុម​ប្រជែង​​ពាន Premier League ឡើយ ក្រោយពី​ខ្សែ​ប្រយុទ្ធ Dominic Calvert-Lewin បាន​រក​គ្រាប់​បាល់​តាមស្មើ​ឲ្យ​ក្រុម Everton នៅ​នាទី​បន្ថែម ខណៈ​ដែលពួកគេ​បាន​វាយ​បក​២​លើក​ដើម្បី​តាម​ស្មើ ៣-៣ នៅ​កីឡដ្ឋាន Old Trafford កាល​ពីថ្ងៃ​សៅរ៍​។

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ នឹង​ធ្វើ​ឲ្យ Man United តាម​ស្មើ​ពិន្ទុ​ជាមួយនឹងក្រុមកំពុង​នាំ​មុខ Manchester City ប៉ុន្តែ បច្ចុប្បន្ន ពួក​គេ​បាន​កត់ត្រា​ជ័យ​ជម្នះ​ត្រឹម​តែ​១លើក​គត់​ក្នុង​ចំណោម​ការ​ប្រកួត​៤​លើក​ចុងក្រោយ ខណៈលទ្ធផល​នេះ កាន់​តែ​ធ្វើ​ឲ្យ​គូ​ប្រជែង​របស់ខ្លួន បន្ថែម​ការនាំមុខ​លើ​កំពូល​តារាង​។ Man City កំពុង​តែ​នាំមុខ​២ពិន្ទុដាច់ ប៉ុន្តែ ក៏​នៅ​សល់​២​ប្រកួត​ក្នុង​ដៃផង​ដែរ ខណៈ​ដែល​ការ​ប្រកួត​ទី​១​របស់​ពួកគេ​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​២​លើកនោះ គឺ​នៅលើ​ទឹកដីក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក Liverpool​​។

ទាក់ទង​នឹង​ចំណាត់​ថ្នាក់​លើ​កំពូល​តារាង លោក Solskjaer ដែល​ក្រុម​របស់​លោក​បាន​បញ្ចប់​ដោយ​ដេញ​តាមពីក្រោយ Liverpool ៣៣ពិន្ទុ កាល​រដូវ​កាល​មុន បាន​ឲ្យដឹងថា៖ «​យើង​មិនមែនកំពុង​តែ​និយាយ​ពីការ​ឈ្នះពាន​ឡើយ​។ ក្រុម​នេះ ត្រូវ​មាន​ដំណើរ​ដ៏​វែង​ឆ្ងាយ​មួយ​។ យើ​មិន​គួរ​ត្រូវបាន​ចាត់​ទុក​ថា ជាក្រុម​ប្រជែង​​ពាន​ឡើយ​»៕

ប្រភព​ព័ត៌​មាន៖ BBC