បរទេស៖ សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អឺ​​រ៉ុប​ហៅ​​កាត់ថា UEFA បាន​ប្រកាស​កាលពីថ្ងៃ​ចន្ទ​ថា ការ​ប្រកួត​ជើង​ទី​១​របស់​ក្រុម Manchester City ក្នុង​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួក​គេ​ជាមួយនឹងក្រុម Borussia Moenchengladbach នឹង​ត្រូវ​លេង​នៅ​ទីក្រុ Budapest ដោយ​សារ​តែ​ការ​ចេញ​​បម្រាម​ដ៏​តឹង​រ៉ឹង​លើ​ការ​នាំចូល​វីរុសកូរ៉ូ​ណា ដែល​ត្រូវ​បាន​អនុ​វត្ត​ដោយ​ប្រទេស​អាល្លឺ​ម៉ង់​។

ការ​ប្តូរ​ទីលាន​ប្រកួត​នេះ កើត​ឡើង​ក្នុង​រយៈ​ពេល​២៤​ម៉ោង ក្រោយពី​ការ​ប្រកួត​​របស់​ក្រុម Liverpool ជាមួយនឹងក្រុម Leipzig នៅ​សប្តាហ៍​ក្រោយ ក៏​ត្រូវ​​ប្តូរ​ទៅ​កាន់​ទីក្រុង Budapest ផ​ង​ដែរ ដោយសារ​តែហេតុ​ផល​ដូចគ្នានេះ​។ ក្រុម Man City របស់​លោក Pep Guardiola នឹង​ត្រូវ​ប្រកួត​ជាមួយនឹងក្រុម Gladbach នៅ​កីឡដ្ឋាន Puskas Arena នា​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​។ លោក Stephan Schippers នា​យក​ប្រតិបត្តិ​របស់​ក្លិប Moenchengladbach បាន​ឲ្យដឹងថា៖ «យើង​ត្រូវ​តែ​​រំពឹង​ទុក​ថា ​បម្រាមស្តីពី​ការ​ធ្វើ​ដំណើរ ពី​ចក្រ​ភព​អង់គ្លេស​ទៅកាន់​ប្រទេស​អាល្លឺ​ម៉ង់ ដែល​បច្ចុប្បន្ន​នឹង​ត្រូវ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ នឹង​ត្រូវ​បន្តហួស​ពី​នេះ និង​គិត​ថា ក្រុម Manchester City នឹង​មិន​ទទួល​បាន​ការ​អនុ​ញ្ញាត​​ពិសេស​ឲ្យ​ធ្វើ​ដំណើរ​ទៅកាន់ Moenchengladbach ឡើយ​»​។

លោក​បាន​បន្ថែម​ទៀតថា៖ «យើង​បាន​សម្រេច​ចិត្ត​បែបនេះ ដោយ​ផ្អែក​ទៅលើ​កិច្ច​សន្ទ​នា​ជាច្រើន​ជាមួយនឹង​អាជ្ញា​ធរ​ពាក់​ព័ន្ធ អ្នក​នយោ​បាយ ក្រប​ខ័ណ្ឌលីក​អាល្លឺ​ម៉ង់ និង​សហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុប កាលពី​សប្តាហ៍មុន​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia