បរទេស៖ ក្រុម Manchester City បាន​កត់​ត្រា​ជ័យ​ជម្នះ​ជាលើក​ទី​១៥​ជាប់​ៗ​គ្នា ក្នុង​រាល់​យុទ្ធនាការ​ទាំ​ង​អស់ ក្រោយពី​បាន​យកឈ្នះ​​ក្នុងលទ្ធ​ផល ៣-១ នៅ​លើ​ទឹកដីក្រុម Swansea City របស់​ក្រប​ខ័ណ្ឌ Championship ក្នុងាករ​ប្រកួត​ពាន FA Cup ជុំ​ទី​៥ កាលពីថ្ងៃពុធ​។

ជ័យ​ជម្នះ​ជាប់​ៗ​គ្នានេះ គឺ​ជា​កំណត់​ត្រាមួយ​សម្រាប់ក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌ​កំពូល ពោល​គឺ​​​ជា​ការ​បំបែកកំណត់​ត្រា​ចាស់​នៃ​ការ​ឈ្នះ​១៤លើក​ជាប់​ៗ​គ្នា ដែលសម្រេច​បាន​ដោយ​ក្រុម Preston ក្នុង​ឆ្នាំ​១៨៩២ និង​ក្រុម Arsenal ក្នុង​ឆ្នាំ​១៩៨៧​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប្រេស៊ីល Gabriel Jesus បាន​រក​គ្រាប់​បាល់​ទី​៣​ឲ្យ​ក្រុម​ខ្លួន​តាមរយៈ​ការ​គ្រប់គ្រង​បាល់​យ៉ាងល្អ មុន​នឹង​ស៊ុត​បាល់​ចូល​ជ្រុ​ង​ម្ខាង​នៃ​ប្រអប់​ទី ក្រោយពី​ខ្សែ​ការ​ពារ Kyle Walker និង​ខ្សែ​ប្រយុទ្ធ Raheem Sterling បាន​ជួយ​ឲ្យ​ពួកគេ​នាំមុខ​២​គ្រាប់​មុន​។ កីឡាករ Morgan Whittaker បាន​វាយ​បក​បាន​១​គ្រាប់​វិញ​សម្រាប់​ក្រុម​វេលស៍ នៅនាទី ទី​៧៧ ប៉ុន្តែ ការ​ខកចិត្ត​តែ​មួយ​គត់​សម្រាប់​ក្រុម Man City គឺ​ការ​រង​របួស​របស់​ខ្សែ​​បម្រើ Rodri​។

លោក Pep Guardiola គ្រូបង្វឹក​របស់ Man City បាន​ឲ្យដឹងថា៖ «យើង​មក​ដើម្បី​ឈ្នះ ដែលនោះ​គឺ​ជា​រឿង​ដ៏សំខាន់​បំផុត​។ យើង​មិន​អាច​បដិសេធ​ចំពោះ​ភាព​រីក​រាយ និង​មោទន​ភាព​ដែលយើង​មាន​បន្ទាប់​ពី​ការ​បំ​បែក​កំណត់ត្រា​ដ៏​យូរ​អង្វែង​មួយឡើយ​។ កំណត់ត្រា​រង់​ចាំ​ឲ្យ​គេ​បំបែក​​ប៉ុណ្ណោះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia