បរទេស៖ ខ្សែប្រយុទ្ធ Mohamed Salah បានតឿនរំឭកដល់ក្លិប Manchester City ថា Liverpool «នឹងប្រជែងដូចជាម្ចាស់ជើងឯកអ៊ីចឹង» បើទោះបីធ្លាក់ចុះទម្រង់លេងយ៉ាងគំហុកដែលបានធ្វើឲ្យការការពារពានក្របខ័ណ្ឌ Premier League របស់ក្រុមខ្លួន ធ្លាក់ចូលក្នុងភាពជ្រួលច្របល់ក៏ដោយ។ ក្រុមរបស់លោក Jurgen Klopp កំពុងតែដេញតាមពីក្រោយក្រុម Man City រហូតដល់ទៅ១៣ពិន្ទុ ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៣-១ នៅលើទឹកដីក្រុម Leicester កាលពីថ្ងៃសៅរ៍។
Salah បានជួយឲ្យក្រុម Liverpool មានគ្រាប់បាល់នាំមុខមុន តាមរយៈការរកបានគ្រាប់បាល់លីកទី១៧របស់គេ នៅរដូវកាលនេះ ប៉ុន្តែ ក្រុមហង្សក្រហម បានរងបរាជ័យនៅជិតបញ្ចប់ការប្រកួត។ Klopp បានទទួលស្គាល់ថា ពាននឹងត្រូវធ្លាក់លើដៃរបស់ក្រុម Man City ក្រោយពីការរងបរាជ័យជាលើកទី៣ជាប់ៗគ្នារបស់ក្រុម Liverpool។ នេះគឺជាការធ្លាក់ចុះទម្រង់លេងដ៏គួរឲ្យកត់សម្គាល់ ក្រោយពី Liverpool បានឈ្នះពានលីកជាលើកទី១របស់ពួកគេ ក្នុងរយៈពេល៣០ឆ្នាំ កាលពីរដូវកាលមុន។
ប៉ុន្តែ រយៈពេល២៤ម៉ោង បន្ទាប់ពីការរងបរាជ័យដ៏ឈឺចាប់នៅកីឡដ្ឋាន King Power ស្របពេលដែលអ្នកគាំទ្ររបស់ Liverpool បានលើកបដារដើម្បីគាំទ្រគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់របស់ខ្លួន នៅខាងក្រៅកីឡដ្ឋានរបស់ Liverpool ដោយសរសេរថា «Jurgen Klopp YNWA» ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប បានបញ្ចេញសារដ៏រឹងមាំមួយ។ Salah បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «នេះគឺជាដំណាក់កាលដ៏លំបាកមួយ បើផ្អែកតាមហេតុផលនានា។ យើងជាម្ចាស់ជើងឯក ហើយយើងនឹងប្រយុទ្ធដូចជាម្ចាស់ជើងឯក រហូតទាល់តែចប់»៕
ប្រភពព័ត៌មាន៖ Channel News Asia