បរទេស៖ លោក Mauricio Pochettino គ្រូបង្វឹក​របស់​ក្លិប Paris Saint-Germain បាន​បញ្ជាក់​កាលពីថ្ងៃ​ចន្ទ​ថា ក្រុម​របស់​លោក​នៅ​តែ «មាន​អារម្មណ៍​រំភើប» សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​​ចុងក្រោយ​​ ជើង​ទី​១ នៅលើ​ទឹកដីក្រុម Barcelona នៅ​​រាត្រី​នេះ បើ​ទោះ​បី​អវត្ត​មាន​តារាឆ្នើម Neymar ក៏ដោយ​។

Image result for neymar Injury

កីឡាករ​មាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​រូបនេះ រួម​ជាមួយនឹង​ខ្សែ​ប្រយុទ្ធ Angel Di Maria នឹង​ត្រូវ​អវត្ត​មាន​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Camp Nou ដោយ​សារ​តែ​បញ្ហា​របួស​។ លោក Pochettino ដែល​បាន​ចូលកាន់​តំណែង​ជំនួស​លោក Thomas Tuchel កាលពី​ខែមករានោះ បាន​ថ្លែង​នៅក្នុង​សន្និ​ទីសារ​ព័ត៌​មាន​កាលពី​ល្ងាចថ្ងៃ​ចន្ទ​ថា៖ «អ្នក​អាចមើល​ឃើញ​ពី​ភាព​រំភើប​នៅ​ក្នុង​ក្លិបនេះ​។ សម្រាប់ PSG គោល​ដៅ​ដ៏​ជាក់​លាក់​របស់​យើង​គឺ​ការ​ឈ្នះ​ពាន Champions League ហើយ​យើង​យល់ច្បាស់​ពីការ​ទទួល​ខុស​ត្រូវ​»​។ លោក​បាន​​ប្រាប់​បន្ត​ថា៖ «ពិត​ណាស់ ការ​អវត្តមាន​តារាឆ្នើម​ដូច​ជា Neymar និង Di María ពិត​ជា​សំខាន់ណាស់ ប៉ុន្តែ យើង​មា​ន​ក្រុម​​កីឡាករ​មួយ​ដែល​ស្រេក​ឃ្លាន​ក្នុង​ការ​លេង​ការ​ប្រកួតនេះ ហើយ​ខ្ញុំ​ប្រាកដ​ចិត្ត​ថា នរណាក៏​ដោយ​ដែល​លេង​នៅ​ថ្ងៃ​ស្អែក​នេះ នឹង​ព្យា​យាម​បំពេញ​តួនាទី​របស់​ខ្លួន​»​។

ខ្សែ​បម្រើ Marco Verratti របស់​ក្លិប PSG ក៏​ស្ថិតក្នុង​ភាព​មិនច្បាស់​ផង​ដែរ ក្រោយពី​អវត្ត​មាន​ក្នុង​ពេល​ពួកគេ​បាន​យកឈ្នះ​លើក្រុម Nice កាលពី​ចុង​សប្តហ៍​មុន ដោយ​សារ​តែ​បញ្ហា​ចង្កេះ​។ លោក Pochettino បាន​បន្ថែម​ថា៖ «យើង​ធ្វើ​ដំណើរ​មួយ​ជំហាន​ម្តង​ៗ ហើយ​​យើង​នឹង​វិភាគទៅលើ Marco ក្នុង​ពេល​ហ្វឹកហាត់​នៅ​ថ្ងៃ​នេះ»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia