បរទេស៖ ខ្សែ​បម្រើ Jordan Henderson ប្រធានក្រុម​នៃក្រុម Liverpool បាន​បញ្ជាក់​ថា «ការ​ងារ​ទើប​តែ​បាន​បញ្ចប់​ពាក់កណ្តាល​នៅ​ឡើយទេ» ក្រោយពី​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ ២-០ របស់​ក្រុម​ហង្ស​ក្រហម លើ​ក្រុម RB Leipzig កាលពី​ថ្ងៃ​អង្គារ បាន​ជួយ​ឲ្យ​​ពួក​គេ​បោះ​ជំហាន​ទៅមុខ​ដ៏​រឹង​មាំ​មួយ ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​។

គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Mohamed Salah និង Sadio Mane នៅក្នុង​ចន្លោះ​​ពេល​ត្រឹម​តែ​២​នាទី នៅ​ដើម​តង់​ទី​២ បាន​បំពេញ​ជ័យ​ជម្នះ​សម្រាប់​ក្រុម Liverpool នា​ការ​ប្រកួត​ជើង​ទី​១ ក្នុង​ទីក្រុង Budapest​។ Henderson បាន​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន BT Sport ថា៖ «សរុប​មក នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​រីក​រាយ​មួយ ជា​ការ​ឈ្នះ​ដ៏កក់ក្តៅ ប៉ុន្តែ នេះ​គ្រាន់​តែ​ការ​បញ្ចប់​ការ​ងារ​ពាក់​កណ្តាល​ប៉ុណ្ណោះ​។ យើង​ត្រូវ​តែ​រក្សា​ការ​​ធ្វើ​ដំណើរ​ទៅ​មុខ និង​រក្សា​ការ​ប្រយុទ្ធ​ជានិច្ច​។ យើង​បាន​ជួប​ស្ថាន​ភាព​លំបាក​ៗ​ជាច្រន ក្នុង​រដូវ​កាល​នេះ​»​។ ខ្សែ​បម្រើ​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «នៅ​រាត្រីនេះ គឺ​ជា​ការ​បោះ​ជំ​ហាន​ទៅមុខ​ដ៏ល្អមួយ ក្នុង​ទិស​ដៅ​ដ៏​ត្រឹម​ត្រូវ ប៉ុន្តែ យើង​ត្រូវ​តែ​បន្ត​ជាមួយ​នឹង​ភាពខ្លាំង​នេះ ហើយ​ប្រសិន​បើ​យើង​ធ្វើ​បាន យើង​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជានិច្ច​»​។

Liverpool បាន​ស្តារ​មុខមាត់វិញ ពី​ការ​រង​បរា​ជ័យ​ជាប់​ៗ​គ្នា​ក្នុងក្រប​ខ័ណ្ឌ Premier League ដែល​បាន​ធ្វើ​ឲ្យ​ពួក​គេ​ដេញ​តាមពី​ក្រោយ​ក្រុម Manchester City ដល់​ទៅ​១៣ពិន្ទុ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia