បរទេស៖ ក្រុម Manchester City បានបន្ថែមការនាំមុខរហូតដល់ទៅ១០ពិន្ទុដាច់លើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ក្រោយពីបានយកឈ្នះលើក្រុម Everton ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃពុធ ដើម្បីបន្តកំណត់ត្រាឈ្នះជាប់ៗគ្នារបស់ពួកគេក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស រហូតដល់ទៅ១៧ប្រកួត។
ខ្សែប្រយុទ្ធ Riyad Mahrez បានរកគ្រាប់បាល់បញ្ចូលទីយ៉ាងល្អនៅចន្លោះគ្រាប់បាល់រសប់កីឡាករ Phil Foden និង Bernardo Silva ខណៈដែលក្រុមរបស់លោក Pep Guardiola បានបោះជំហានដ៏ធំមួយផ្សេងទៀត ឆ្ពោះទៅកាន់ការឈ្នះពានជាលើកទី៣ក្នុងរយៈពេល៤ឆ្នាំ។ គ្រាប់បាល់តាមស្មើរបស់ខ្សែប្រយុទ្ធ Richarlison មិនគ្រាប់គ្រាន់ក្នុងការជួយដល់ក្រុមឈរលេខ៧ Everton ដែលបច្ចុប្បន្នបានទទួលជ័យជម្នះត្រឹមតែ១លើកគត់ក្នុងចំណោមការប្រកួតលីក៦លើកចុងក្រោយ ឡើយ ខណៈដែលពួកគេដេញតាមពីក្រោយក្រុមឈរលេខ៤ ដល់ទៅ៥ពិន្ទុ។ ការប្រកួតនេះ គឺជាការរៀបចំឡើវិញ ពីកម្មវិធីប្រកួតកាលពីចុងខែធ្នូ ដោយសារតែការផ្ទុះវីរុសកូវីដ-១៩ ដែលឆ្លងកីឡាករជាច្រើននាក់ក្នុងក្លិប Man City។
កាលនោះក្រុមរបស់លោក Guardiola ស្ថិតក្នុងចំណាត់ថ្នាក់លេខ៨លើតារាង ប៉ុន្តែ ការមិនបានរបូតពិន្ទុសូម្បីតែ១លើកក្នុងចំណោមការប្រកួតលីក១០លើកជាប់ៗគ្នារបស់ពួកគេ ចាប់តាំងពីពេលនោះមក បានធ្វើឲ្យនាំមុខដាច់លើកំពូលតារាងតែម្តង៕
ប្រភពព័ត៌មាន៖ Channel News Asia