បរទេស៖ ក្រុម​បិសាចក្រហម Manchester United និងមាន់​ខ្នាយ​ដែក Tottenham Hotspur បាន​បង្កើត​ការ​នាំ​មុខ​យ៉ាង​កក់ក្តៅ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​នៅ​ក្រៅដី​រៀង​ៗ​ខ្លួន ក្នុងការ​ប្រកួតក្រ​​ប​ខ័ណ្ឌ Europa League វគ្គ​៣២​ក្រុម​ចុងក្រោយ ជើង​ទី​១​របស់​ពួក​គេ ប៉ុន្តែ ក្រុម AC Milan បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ២-២ នៅ​លើ​ទឹកដីក្រុម Red Star Belgrade ស្រប​ពេល​ដែល​យុទ្ធនា​ការ​នេះបាន​ចាប់ផ្តើម​ប្រកួត​ឡើង​វិញ​កាលពីថ្ងៃព្រហស្បតិ៍​។

Man United បានលត់​ក្រុម Real Sociedad យ៉ាង​ចាស់​ដៃក្នុងលទ្ធ​ផល ៤-០ ក្នុងការ​ប្រកួត​មួយ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​ទីក្រុង Turin ដោយ​សារ​តែ​ការ​រិត​ត្បិត​ជុំ​វិញ​វីរុសកូវីដ ១៩ រវាង​ចក្រ​ភព​អង់គ្លេស និង​អេ​ស្ប៉ាញ ខណៈ​ដែល Bruno Fernandes បាន​ក្លាយ​ជា​វីរស​បុរ​សម្តង​ទៀត​សម្រាប់​ក្រុម​របស់​គេ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​។ ខ្សែ​បម្រើ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ បាន​រក​គ្រាប់បាល់​បើកឆាក​នៅនាទី ទី​២៧ ជាមួយនឹង​គ្រាប់​បាល់​ទី​២០​របស់​គេ នៅ​រដូវ​កាល​នេះ និង​បាន​ស៊ុត​បាល់​កោង​ចូល​ទី​យ៉ាងល្អ​មួយ​គ្រាប់​ទៀត នៅនាទី ទី​៥៧ នៅ​មុន​ពេល Marcus Rashford និង Daniel James បាន​បំពេញ​ជ័យ​ជម្នះ​សម្រាប់​ក្រុមខ្លួន​។

លោក Ole Gunnar Solskjaer អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Man United បាន​ឲ្យដឹងថា៖ «យើង​សម​នឹ​ងទទួល​ជ័យ​ជម្នះ​ ប៉ុន្តែ ប្រហែល​ជា​មិនមែន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​៤​គ្រាប់​ឡើយ​។ ក្នុង​ការ​ប្រកួ​តបែប​នេះ នៅ​ពេល​ដែល​យើង​រក​ឃើញ​ភាព​ស៊ី​សង្វាក់​គ្នា យើង​​អាច​ក្លាយ​ជាក្រុម​ដ៏​ខ្លាំង​មួយ​»​​។ ជាមួយ​គ្នា​នេះ ការ​ប្រកួតក្រៅដី​របស់​ក្រុម Tottenham ជាមួយនឹងក្រុម​អូ​ទ្រីស Wolfsberg ក៏​ត្រូវ​បាន​ប្តូរ​ទៅកាន់​ប្រទេស​ផ្សេង​ផង​ដែរ ខណៈ​ដែលក្រុម​របស់​អង់គ្លេស បាន​យកឈ្នះ ៤-១ នៅ​កីឡដ្ឋាន Puskas Arena ក្នុង​ទីក្រុង Budapest៕

ប្រភព​ព័ត៌​មាន៖ Channel News Asia