បរទេស៖ លោក Antonio Conte គ្រូបង្វឹក​របស់​ក្រុម Inter Milan បាន​​កោតសរសើរ​ថា «ក្រុម​របស់​លោក​បាន​លេង​ការ​ប្រកួត​ដ៏​ល្អ​ឥត​ខ្ចោះ» ខណៈ​ដែលខ្សែ​ប្រយុទ្ធ Lautaro Martinez បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ ស្រប​ពេល​ដែល Romelu Lukaku ក៏​បាន​ស៊ុត​បាល់បញ្ចូល​ទី​ផង​ដែរ ក្នុង​ពេល​ពួក​គេ​បាន​យកឈ្នះលើក្រុម​ស្ថិតក្នុង​ទីក្រុង​តែ​មួយ AC Milan ៣-០ ដើម្បី​បន្ថែម​ពិន្ទុ​នាំមុខ​របស់​ខ្លួន​នៅ​លើ​កំពូល​តារាង Serie A កាលពីថ្ងៃ​អាទិត្យ​។

Inter បាន​បន្ថែម​ពិន្ទុ​នាំមុខ​រហូត​ដល់​ទៅ​​៤ពិន្ទុ លើ​​ក្រុម​ឈរលេខ​២ AC Milan ខណៈ​ដែលក្រុម​របស់​លោក Conte សម្លឹង​រក​ការ​ឈ្នះពាន​រង្វាន់​លីក​ជាលើក​ដំបូង​របស់​ពួក​គេ បើ​គិត​ចាប់​តាំងពី​ឈ្នះ​ពាន​៣​ក្នុង​រដូវ​កាល​តែមួយ ក្រោម​ការដឹកនាំ​របស់​លោក​ Jose Mourinho កាលពី​ឆ្នាំ​២០១០​។ លោក Conte ដែល​កំពុង​តែ​ព្យា​យាម​ដើម្បី​រា​រាំង​កុំ​ឲ្យ​អតីត​ក្រុម Juventus របស់​លោក លើក​ពាន​រង្វាន់​លីក​លើក​ទី​១០​ជាប់​ៗ​គ្នា​របស់​ពួកគេ​នោះ បាន​ឲ្យដឹងថា៖ «ការ​កោតសរសើរ​គួរតែ​ធ្លាក់​ទៅ​លើ​កីឡាករ​។ ពួកគេ​បាន​បង្ហាញពី​ទម្រង់​លេងដ៏ល្អ​អស្ចារ្យ ពោល​គឺ​យ៉ាងល្អ​ឥត​ខ្ចោះ​»​។

Image result for milan derbies

ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​ឯ​នោះ​វិញ ក្រុម Roma បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ០-០ នៅលើ​ទឹក​ដីក្រុម​ឈរលេខ​១៥ Benevento ដែល​ធ្វើឲ្យ​​ក្រុម Juventus ដែល​កំពុង​ដេញតាម​ពីក្រោយ​ក្រុម​​កំពូល​តារាង​១១ពិន្ទុ មាន​ឱកាស​ឡើង​ឈរលេខ​៣ ពេល​ពួកគេ​ប្រកួត​ជាមួយនឹងក្រុម Crotone នៅ​រាត្រីនេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia