បរទេស៖ លោក Thomas Tuchel គ្រូបង្វឹក​របស់ Chelsea បាន​បញ្ជាក់​ថា លោក​គឺ​ជា​អ្នក​គាំទ្រ​ម្នាក់​របស់​តារាឆ្នើម Luis Suarez ដោយ​​លោក​បាន​ព្យា​យាម​ទិញ​យក​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អ៊ុយ​រូ​ហ្គាយ​រូបនេះ ឲ្យ​ក្លិប Paris Saint-Germain នៅមុន​ពេល​រូប​គេ​បានផ្ទេរ​ពីក្លិប Barcelona ទៅកាន់​ក្លិប Atletico Madrid កាល​ពី​ខែ​កញ្ញា​។

ជាមួយ​គ្នា​នេះ លោក Diego Simeone គ្រូបង្វឹករបស់​ក្រុម Atletico បាន​ទទួល​ស្គាល់​កាលពីថ្ងៃចន្ទ​ថា Suarez គឺ​ជា​កូន​សោក្នុង​ក្រុម​របស់​លោក​ដើម្បីផ្តួលក្រុម Chelsea ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ​ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ក្នុង​ការ​ប្រកួត​ចំនួន​៧​លើក​ក្នុងនាម​ជា​អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Chelsea លោក Tuchel នៅ​តែ​មិនទាន់ស្គាល់​ចាញ់​នៅឡើយ​ទេ ខណៈ​ដែលក្រុម​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​មួយនេះ កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៥ នៅលើ​តារាងក្រប​ខ័ណ្ឌ Premier League និង​ឈាន​ទៅ​ប្រកួត​​ពាន FA Cup វគ្គ​៨​ក្រុម​ចុង​ក្រោយ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ ប្រឈមមុខ​នឹង​ការ​ប្រជែង​ដ៏​ធំ​បំផុត​ នៅ​ពេល​ប្រកួត​ជាមួយនឹងក្រុម Atletico ដែល​ពោរ​ពេញ​ដោយ​បទពិសោធ​ក្នុង​វគ្គ​ចាញ់​ធ្លាក់​នៃក្រប​ខ័ណ្ឌ Champions League ក្រោម​​ការ​ដឹកនាំ​របស់​លោក Simeone​។

លោក Tuchel បាន​ឲ្យដឹ​ង​កាលពីថ្ងៃ​ចន្ទ​ថា៖ «នេះ​គឺ​ជា​ការ​ប្រកួត​ដ៏​ធំ​មួយ​សម្រាប់​យើង​ ពោល​គឺ​ទាំង​កីឡាករ ស្មារតី និង​ភាព​រឹង​មាំ​។ នេះគឺ​ជា​ក្រុម​ពោរ​ពេញ​ដោយ​បទពិសោធក្នុង​កម្រិត​នេះ រួម​ជាមួយនឹង​គ្រូបង្វឹក​ដ៏ឆ្នើម​ដែលយើងនឹង​ត្រូវ​ប្រកួត​ជាមួយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia