បរទេស៖ លោក Hansi Flick គ្រូបង្វឹក​នៃក្រុម Bayern Munich បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​មិន​​ត្រូវ​រក​លែស​ឡើយ នៅពេល​ដែល​ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​មួយនេះ ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម Lazio ក្នុងការ​ប្រកួតវគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​១​ នៅ​រាត្រីនេះ ក្រោយពី​ការ​ធ្លាក់​ចុះ​ទម្រង់លេង​នា​ពេលថ្មី​ៗ​។

លោក Flick បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​កាលពីថ្ងៃ​ចន្ទ​ថា៖ «ខ្ញុំ​ចង់​ឲ្យ​ក្រុមរបស់​ខ្ញុំ​បង្កើត​ឲ្យមានការ​​ប្រែ​ប្រួល​តាំង​ពី​ចាប់​តាំងផ្តើម​ប្រកួត ហើយ​ខ្ញុំ​មាន​ការ​ជឿជាក់​ទាំងស្រុង​ថា ពួក​គេ​នឹង​ធ្វើ​បាន​នៅលើ​ទឹកដីក្រុម Lazio​»​។ ក្រុម Bayern បាន​រង​បរា​ជ័យ​ក្នុងលទ្ធ​ផល ២-១ នៅ​លើ​ទឹកដីក្រុម Eintracht Frankfurt កាលពីថ្ងៃ​សៅរ៍ ក្រោយពី​បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ៣-៣ ជា​មួយនឹងក្រុម Arminia Bielefeld បន្ទាប់​ពី​ឈ្នះពាន Club World Cup ក្នុង​ប្រទេស​ កា​តា កាលពី​១១​ថ្ងៃ​មុន​។ ភាព​ខ្លាំងនៅក្នុងក្រុម Bayern ត្រូវ​បាន​គេ​អង្កេត​មើល ចាប់​តាំងពី​កីឡាករ Benjamin Pavard និង Thomas Mueller សុទ្ធ​សឹ​ង​តេស្ត​ឃើញ​លទ្ធផល​វិជ្ជ​មាន​លើ​វីរុស​កូវីដ ១៩​។ ខ្សែ​បម្រើ Corentin Tolisso នឹង​ត្រូវ​អវត្ត​មាន​រយៈ​ពេល​វែង ដោយ​សារ​តែ​របួស​ភ្លៅ​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា លោក Flick កំពុង​តែ​ទាម​ទារ​ឲ្យ​ក្រុម​ឈរលេខ​១លើ​តា​រាង​ក្រ​ប​ខ័ណ្ឌ Bundesliga ស្តារ​មុខមាត់​វិញ នៅ​កីឡដ្ឋាន Olympic ក្នុ​ទីក្រុង​រ៉ូម​។ លោក Flick បាន​បន្ថែម​ថា៖ «យើង​ទាំង​អស់គ្នា​ដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​។ ខ្ញុំ​នឹង​មិនប្រើ​លែស​នានា​ឡើយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia