បរទេស៖ លោក Zinedine Zidane បាន​បញ្ជាក់​កាលពីថ្ងៃ​អង្គារ​ថា ក្រុម Real Madrid កំពុង​តែ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ផ្សេង​គ្នា​មួយ ជាមួយឹនងក្រុម​ខ្លាំង​លាក់​មុខ Atalanta ដែលក្រុម​យក្ស​​អេ​ស្ប៉ាញមួយនេះ នឹង​ត្រូវ​ជួប​ជាលើក​ដំបូង​ក្នុងក្រប​ខ័ណ្ឌ Champions League ក្នុង​ប្រទេស​អ៊ី​តាលី​។

នៅមុនពេល​ការ​ប្រកួត​វគ្គ​១៦ក្រុម​ចុងក្រោយ ជើង​ទី​១នៅ​រាត្រីនេះ លោក Zidane សញ្ជាតិ​បារាំង បាន​ឲ្យដឹងថា៖ «សម្រាប់​យើង​ នេះគឺ​ជា​ការ​ប្រកួតផ្សេង​គ្នា​មួយ​។ យើង​មិនស្គាល់​គូ​ប្រកួត​របស់​យើង​ឡើយ​។ យើង​ត្រូវ​តែ​សម្រប​ខ្លួន​ទៅនឹង​ប្រភេទ​នៃ​ការ​ប្រកួត​នេះ ដែលមានក្រុម Atalanta​»​។ លោក​បាន​ប្រាប់​បន្ត​ថា៖ «ក្រុម Atalanta បាន​បង្ហាញពី​ភាពខ្លាំង​របស់​ខ្លួន​កាលពីឆ្នាំមុន​។ ពួកគេ​គឺ​ជាក្រុម​ដែល​​មានភាព​មុតស្រួចក្នុង​តំបន់​ប្រយុទ្ធ ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​ៗ​ជាច្រើន​។ ពួក​គេ​មាន​សាមគ្គី​ភាព និង​លេង​ស៊ី​សង្វាក់គ្នា​​»​។ លោក Zidane បាន​ដឹកនាំ​ឲ្យក្រុម Real ឈ្នះ​ពាន​៣លើក​ក្នុង​ចំណោម​ពាន​​ទ្វីប​អឺ​រ៉ុប​ទាំង​១៣លើក​របស់​ពួក​គេ ពោល​គឺនៅចន្លោះ​ឆ្នាំ​២០១៦ និង​២០១៨​។

ប៉ុន្តែ Real ធ្វើ​ដំណើរ​ទៅកាន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ី​តាលី រួម​ជាមួយនឹង​បញ្ជី​ឈ្មោះ​កីឡាករ​របួស​ជាច្រើន រួម​ទាំង Karim Benzema, Sergio Ramos និងDani Carvajal ផងដែរ​។ លោក Zidane បាន​បន្ថែម​ថា៖ «ពិតណាស់​មាន​កីឡាករ​ជា​ច្រើន​ដែលមិន​អាច​ចូល​លេង​បាន ប៉ុន្តែ យើង​នឹង​ប្រកួត​ជាមួយនឹងកីឡាករ​ដែលយើង​មាន​។ យើង​បាន​ត្រៀម​ខ្លួន​យ៉ាងល្អ​សម្រាប់​ការ​ប្រកួតនេះ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia