បរទេស៖ លោក Marco Rose គ្រូបង្វឹក​របស់​ក្រុម Borussia Moenchengladbach បានប​ញ្ជាក់​ថា ក្រុម​របស់​លោក​មិន​មាន​ហេតុ​ផល​អ្វី​ត្រូវ​ចាញ់​ពេល​ប្រកួត​ជាមួយ​នឹងក្រុមកំពុង​ឡើង​ទម្រង់​លេង Manchester City ដែល​បាន​ឈ្នះ​១៨​លើក​ជាប់​ៗ​គ្នា ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦ក្រុម​ចុង​ក្រោយ ជើង​ទី​១ នៅ​រាត្រីនេះ​ឡើយ​។

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ ១-០ របស់​ក្រុម Man City លើក្រុម Arsenal កាលពីថ្ងៃ​អាទិត្យ បាន​បន្តកំណត់ត្រា​ឈ្នះ​ជាប់​ៗ​គ្នា​របស់​ពួកគេ ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់ ស្រ​បពេល​ដែល Gladbach កំពុង​តែ​ធ្លាក់​ចុះ​ទម្រង់លេងក្នុងក្រប​ខ័ណ្ឌ Bundesliga ក្រោយពី​ដណ្តើម​បាន​១ពិន្ទុ​គត់​ពី​ការ​ប្រកួត​៣លើក​ចុងក្រោយ​របស់​ពួកគេ​។ ជាមួយ​គ្នានេះ ការ​គោ​រពវិន័យ​ក៏ធ្លាក់​ចុះ​ផង​ដែរក្នុងក្រុម Gladbach ក្រោយពី​ការ​ចេញ​សេចក្តីប្រកាស​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាលពីសប្តាហ៍​មុន​ថា លោក Rose នឹង​ការ​ចាក​ចេញ នៅ​ចុង​រដូវ​កាល​នេះ ដើម្បី​ទៅ​ដឹកនាំ​ក្លិប Dortmund​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ការ​ផ្តោត​អារម្មណ៍​នឹង​ធ្លាក់​ទៅលើ​ការ​ខិត​ខំព្យា​យាម​ដើម្បី​ផ្តួល​ក្រុម​ប្រជុំ​ដោយ​តារាឆ្នើម​ៗរបស់​លោក Pep Guardiola​​។

ស្រប​ពេល​ដែលការ​ប្រកួត​ក្នុង​ដី​នឹង​​ត្រូវ​ធ្វើ​ឡើង​នៅ​ទីក្រុង Budapest ដោយ​សារ​តែ​ការ​រិត​ត្បិត​លើការ​ធ្វើ​ដំណើរ​ជុំ​វិញ​ករណី​កូវីដ ១៩ របស់​​អាល្លឺម៉ង់​ លោក Rose បាន​និយាយ​កាលពីថ្ងៃ​អង្គារ​ថា៖ «កីឡាករ​​ទទួល​បាន​រាត្រី​ដ៏ពិសេស​នេះ​។ អ្នកត្រឹម​តែ​អាច​ឈ្នះ​មុនប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​មួយ​បែបនេះ​​។ នេះ​គឺ​ជា​គោល​ដៅ​ដ៏ធំ​មួយ​សម្រាប់ក្លិបនេះ ក្នុង​ពេល​ដែល​យើង​កំពុង​ស្ថិតក្នុង​វគ្គ​១៦ក្រុម​ចុងក្រោយ​។ កីឡាករ​គួរ​តែ​រីក​រាយ​នឹង​ឱកាសនេះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia