បរទេស៖ ខ្សែ​ការ​ពារ Ferland Mendy បាន​ស៊ុត​បាល់​នៅ​ជិត​បញ្ចប់ការ​​ប្រកួត ខណៈ​ដែលក្រុម Rea Madrid បាន​ផ្តួល​ក្រុម Atalanta ក្នុងលទ្ធ​ផល ១-០ កាលពីថ្ងៃពុធ ដើម្បីខិត​កាន់​តែ​កៀក​ឆ្ពោះ​ទៅកាន់​វគ្គ​៨ក្រុម​ចុងក្រោយនៃក្រប​ខ័ណ្ឌ Champions League​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ការ​ពារ​ស្លាប​ឆ្វេង​អន្តរ​ជាតិ​​បារាំង​រូបនេះ បានកើត​ឡើង នៅ​រយៈ​ពេល​៤នាទី​ចុងក្រោយ ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​១ ខណៈ​ដែល​ក្រុម​ម្ចាស់​ផ្ទះបាន​លេង​ជាមួយនឹង​សមា​ជិក​ត្រឹម​តែ​១០នាក់ អស់​រយៈ​ពេល​៧០​នាទី ហើយ​ក្រុម​របស់​លោក Zinedine Zidane បាន​ការ​ពារ​យ៉ាង​រឹង​មាំ មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួតជើង​ទី​២ ក្នុង​ទី​ក្រុង​ម៉ា​ឌ្រីដ នៅ​ថ្ងៃ​ទី ១៦ ខែមីនា​។ Atalanta បាន​វាយសម្រុក​យ៉ាង​ខ្លាំង​នៅ​ដើម​តង់ ប៉ុន្តែ ការ​ប្រកួតនេះ បាន​ផ្លាស់ប្តូរ នៅពេល​ដែល​ខ្សែ​បម្រើ​អន្តរ​ជាតិ​ស្វ៊ីស Remo Freuler បាន​រង​ពិន័យកាតក្រហម នៅ​នាទី ទី​១៧ សម្រាប់​ការ​ប្រព្រឹត្ត​កំហុសលើ Mendy នៅ​ក្បែរ​តំបន់​ការ​ពារ​។ ក្រុម Atalanta របស់​លោក Gian Piero Gasperini បាន​បន្ត​ជួប​ភាពលិចលុង ក្រោយពី​ខ្សែ​ប្រយុទ្ធ Duvan Zapata បាន​រង​របួស​នៅ​នាទី ទី​៣០ ខណៈ​ដែល​ខ្សែ​បម្រើ Mario Pasalic បាន​ចូលលេង​ជំនួស​វិញ​។

ដោយឡែក ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​១៣​សម័យ​កាល Real បានលេង​ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ Karim Benzema ដោយ​សារ​តែ​បញ្ហា​ក​ជើង ខណៈ​ដែល​កីឡាករ Sergio Ramos, Eden Hazard និង Dani Carvajal សុទ្ធ​សឹង​ស្ថិតក្នុង​បញ្ជី​របួស​៕

ប្រភព​ព័ត៌មាន៖ Channel News Asia