បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Harry Kane ត្រូវបានគេរាយការណ៍ថាប្រហែលជាមិនចាកចេញពីក្លឹប Tottenham Hotspur នៅពេលចប់រដូវកាលនេះទេ។
ខ្សែប្រយុទ្ថវ័យ២៨ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អនៅរដូវកាលនេះជាមួយនឹងក្លឹប Hotspur ដោយរូបគេអាចរកបាន២១គ្រាប់ក្នុងការបង្ហាញខ្លួន៣៣ដង ថែមទាំងបានបញ្ជូនបាល់អោយមិត្តរួមក្រុមទាត់បញ្ចូលទីដល់ទៅ១៤ដងថែមទៀតផង។ ក្រុម Hotspur បច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់លេខ៩នៃតារាង Premier League ហើយពួកគេអាចនឹងប្រឈមមុខនឹងការបាត់បង់ឱកាសលេងក្នុងពានរង្វាន់ទ្វីបអ៊ឺុរ៉ុបនៅរដូវកាលក្រោយ។
យុទ្ធការរបស់ Tottenham Hotspur នៅក្របខណ្ឌ UEFA Europa League នៅរដូវកាលនេះនៅមិនទាន់ចប់នៅឡើយទេ ដោយពួកគេនឹងត្រូវប្រឈមមុខជាមួយនឹងក្រុម Dinamo Zagreb នៅវគ្គ១៦ក្រុមចុងក្រោយ, ទន្ទឹមនឹងគ្នានេះពួកគេនឹងត្រូវមានការងារធំមួយទៀតដោយត្រូវជួបជាមួយនឹងក្លឹប Manchester City នៅពានរង្វាន់ EFL Cup វគ្គផ្តាច់ព្រ័ត្រនៅចុងខែមេសាថែមទៀតផង។ Spur ទទួលរងបរាជ័យដល់៥ដងក្នុង៦ប្រកួតចុងក្រោយនៅក្របខណ្ឌ Premier League ដែលពួកគេឥឡូវខុសគ្នាដល់ទៅ៩ពិន្ទុឯណោះពីក្រុមដែលកំពុងឈរនៅលេខ៤។
អនាគត Harry Kane ជាមួយនឹង Hotspur នៅតែជាប្រធានបទដែលគេតែងតែលើកយកមកនិយាយជាញឹកញាប់ ប៉ុន្តែទោះបីជាយ៉ាងបើយោងទៅតាម The Telegraph បានអោយដឹងថាប្រធានក្រុងជម្រើសជាតិអង់គ្លេសរូបនេះនៅបន្តជាមួយនឹងក្លឹប Tottenham Hotspur យ៉ាងហោចណាស់មួយរដូវកាលទៀត។ ក្លឹប Manchester United និង Manchester City គឺជាក្លឹបដែលគេគិតថាមានសមត្ថភាពអាចចុះកុងត្រាយកខ្សែប្រយុទ្ធរូបនេះ ប៉ុន្តែកុងត្រារបស់កីឡាកររូបនេះនៅសល់ដល់ឆ្នាំ២០២៤ឯណោះ ហើយប្រសិនបើ Spur សម្រេចចិត្តលក់រូបគេក៏តម្លៃខ្លួនមិនក្រោយ១៥០លានផោនដែរ៕
ប្រភពព័ត៍មាន៖ Sportsmole