បរទេស៖ លោក Jurgen Klopp ជឿជាក់ថា ក្រុម Liverpool អាចបង្ហាញឲ្យក្រុមអ្នករិះគន់ឃើញថា ពួកគេយល់ខុសហើយក្នុងការកាត់សេចក្តីរដូវកាលពួកគេ ក្រោយពីបានបញ្ចប់ការរងបរាជ័យជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League ត្រឹម៤ប្រកួត តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Sheffield United កាលពីថ្ងៃអាទិត្យ។
ការការពារពានរបស់ក្រុមម្ចាស់ជើងឯកអង់គ្លេសមួយនេះ បានផុតរលត់ដោយសារតែបញ្ហារបួសកីឡាករ ហើយពួកគេកំពុងប្រឈមមុខនឹងការប្រជែងដណ្តើមយកកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤។ ក្រុមរបស់លោក Klopp នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៦ ប៉ុន្តែ បច្ចុប្បន្នកំពុងតែដេញតាមពីក្រោយក្រុមឈរលេខ៤ West Ham ត្រឹមតែ២ពិន្ទុប៉ុណ្ណោះ និងមានឱកាសឡើងឈរពីលើក្រុម Chelsea ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ នៅពេលដែលក្រុមតោខៀវ ធ្វើដំណើរទៅប្រកួតនៅកីឡដ្ឋាន Anfield នៅថ្ងៃព្រហស្បតិ៍។
លោក Klopp បានឲ្យដឹងថា៖ «មនុស្សជាច្រើនបានមើលស្រាលលើក្រុមពួកយើង។ ជាមួយនឹងរាល់បញ្ហាទាំងអស់ដែលយើងមាន យើងនៅតែស្ថិតនៅទីតាំងដ៏រំភើប»។ ប្រធានក្រុម Jordan Henderson ត្រូវបានបញ្ចូលឈ្មោះក្នុងបញ្ជីកីឡាកររបួសរបស់ក្រុម Liverpool ស្របពេលដែលអ្នកចាំទី Alisson Becker បានអវត្តមាន ក្រោយពីរូបគេកំពុងកាន់ទុក្ខឪពុកខ្លួនដែលស្លាប់ក្នុងឧប្បត្តិហេតុនៅអាងហែលទឹក ក្នុងប្រទេសប្រេស៊ីល កាលពីសប្តាហ៍មុន៕
ប្រភពព័ត៌មាន៖ Channel News Asia