បេទេស៖ លោក Mauricio Pochettino គ្រូបង្វឹក​របស់​ក្រុម Paris St Germain បាន​បញ្ជាក់​ថា ក្រុម​ម្ចាស់​ជើង​​​ឯក​របស់​បារាំង​មួយនេះ ត្រូវ​តែ​ផ្តោត​អារម្មណ៍​ឲ្យ​បាន​ស្មើ​គ្នា​ទៅលើ​រាល់ការ​ប្រកួត​ដែលនៅ​សល់​ទាំង​​អស់​របស់ពួក​គេ ក្នុង​រដូវ​កាល​ក្រប​ខ័ណ្ឌ Ligue ដែល​មិន​អាច​ព្យាករ​បាន​។

ក្រុម PSG កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២ ដោយ​មាន​៥៧ពិន្ទុ ពី​ការ​ប្រកួត​២៧​លើក ដោយ​តាមពីក្រោយ​ក្រុម Lille ចំនួន​២ពិន្ទុ ខណៈ​ដែលក្រុម Olympique Lyonnais កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់ថ្នាក់លេខ​៣ ដោយមាន​៥៦ពិន្ទុ ហើយ​ក្រុម Monaco ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤ ដោយមាន​៥៥ពិន្ទុ​។ ក្រុម PSG ដែល​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយនឹងក្រុម Girondins de Bordeaux នៅ​រាត្រីនេះ នៅ​តែ​ត្រូវ​ប្រកួត​ជាមួយនឹងក្រុម Lyon នៅ​ក្រៅដី ក្រុម Lille លើ​ទឹកដីខ្លួន​ឯង នៅ​ចុងរដូវ​កាល​នេះ ប៉ុន្តែ លោក Pochettino បាន​តឿន​រំ​ឭកថា ការ​ប្រកួត​ផ្សេង​ទៀត​ក៏​សំខាន់​ផង​ដែរ​។

ទាក់ទង​នឹង​ការ​រង​បរា​ជ័យក្នុងលទ្ធ​ផល ៣-២ នៅ​លើ​ទឹកដីក្រុម Lorient កាលពី​ខែ​មករា លោក Pochettino បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «នៅ​រដូវ​កាល​នេះ បាន​បង្កើត​ឲ្យ​មាន​លទ្ធ​ផល​គ្រប់ប្រភេទ​ទាំង​អស់ ហើយ​​យើង​ទើប​តែ​បាន​ឃើញ​នា​ពេល​ថ្មី​ៗនេះ​»​។ គ្រូបង្វឹក​រូបនេះ​​បាន​បន្ថែម​ទៀត​ថា៖ «ការ​ប្រកួត​នានា​ជាមួយនឹង​គូ​ប្រជែង​ដណ្តើម​ពាន​របស់​យើង នឹងក្លាយ​ជា​ការ​ប្រកួត​កាត់សេចក្តី ប៉ុន្ត រដូវ​កាល​នេះ កំពុង​តែ​បង្ហាញ​​ឲ្យ​យើង​ឃើញ​ថា អ្នក​ត្រូវ​តែ​​ផ្តោត​អារម្មណ៍​ទាំងស្រុង​រាល់​ការ​ប្រកួត​ទាំង​អស់»​៕

 

ប្រភព​ព័ត៌​​មាន៖ Channel News Asia