បរទេស៖ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo បាន​អប​អរ​ការ​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​លីក​លើក​ទី​៦០០​របស់​គេ តាមរយៈ​ការ​រក​បាន​គ្រាប់បាល់ទី​២០​របស់​គេ​ក្នុង​ក្រប​ខ័ណ្ឌ Serie A នៅ​រដូវ​កាល​នេះ ខណៈ​ដែល​ក្រុម Juventus បាន​ផ្តួលក្រុម Spezia ៣-០ កាលពីថ្ងៃ​អង្គារ ដើម្បី​ដេញ​តាមពីក្រោយ​ក្រុមឈរលេខ​២ AC Milan ចំនួន​៣ពិន្ទុ​។

តារា​ឆ្នើម​ជើង​ចាស់​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ បាន​​ជួយ​ឲ្យ​ក្រុម​ខ្លួន​រក​បាន​គ្រាប់​បាល់​ទី​៣​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ក្រោយពី​ខ្សែ​ប្រយុទ្ធ Alvaro Morata និង Federico Chiesa បាន​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទីនៅ​ដើម​តង់​ទី​២ ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់​លោក Andrea Pirlo ស្ថិតក្នុង​ទី​តាំង​ដ៏​រឹងមាំ​។ Ronaldo ដែល​ក៏​បាន​ស៊ុត​បាល់​ប៉ះ​នឹង​បង្គោល​ទី ក្នុង​តង់​ទី​១​ដែរនោះ ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងហោច​ណាស់​២០​គ្រាប់​ក្នុង​រយៈ​ពេល​១២​រដូវ​កាល​ចុងក្រោយ​នេះ នៅ​ក្នុង​ក្រប​ខ័ណ្ឌលីក​កំពូល​ទាំង​៥​របស់​អឺ​រ៉ុប​។ ជ័យ​ជម្នះ​នេះ ជួយ​ឲ្យ Juventus ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ដោយមាន​៤៩​ពិន្ទុ ពី​ការ​ប្រកួត​២៤លើក ដោយ​តាមពីក្រោយក្រុម AC Milan ដែលមាន​៥២ពិន្ទុ និង​ក្រុម​កំពុង​នាំមុខ Inter ដែលមាន​៥៦ពិន្ទុ ខណៈ​ដែល​ក្រុម​ទាំង​២ ក៏​ត្រូវ​ប្រកួត​នៅ​សប្តាហ៍​នេះ​ផង​ដែរ ដោយ​ត្រូវ​ប៉ះ​ក្រុម Udinese និង Parma រៀងៗ​ខ្លួន​។

Morata បាន​ប្រាប់​ទូរ​ទស្សន៍ Sky Italia ថា៖ «ប្រសិន​បើ​យើង​មិន​ឈ្នះ​​ការ​ប្រកួត​នេះ​ទេ ពេល​ចប់​រដូវ​កាល​នេះ យើង​នឹង​ត្រូវ​​អប​អរ​សាទរ​ដល់ក្រុម​ឈ្នះ​ជា​មិន​ខាន ប៉ុន្តែ យើង​ត្រូវ​តែ​​លេង​​ឲ្យ​ខ្លាំង​លើ​ទីលាន​ជាមុន​សិន​រហូត​ទាល់​តែ​គេ​ប្រាប់​យើង​ថា លែង​មាន​ពិន្ទុ​ដែល​ត្រូវ​ដណ្តើម​​យក​ទៀតហើយ​»៕

ប្រភព​ព័ត៌​មាន៖ Channel new Asia