បរទេស៖ ក្រុម Barcelona ត្រូវ​លេង​រហូត​ដល់​នាទី​បន្ថែម​១៥នាទី​​២​ដង ដើម្បី​ឈាន​ទៅ​​ប្រកួត​ដណ្តើម​ពាន Copa del Rey វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃ​ពុធ ខណៈ​ដែល​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៣-២ លើក្រុម Sevilla បានកើត​ឡើង​ត្រឹម​តែ​រយៈ​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ក្រុម​ប៉ូលិស​បាន​វាយ​ឆ្មក់ចូល​ទៅកាន់​ក្លិប​នេះ និង​បាន​ឃាត់​ខ្លួន​អតីត​ប្រធាន​ក្លិប​របស់​ពួក​គេ​ផងដែរ​។

ក្រោយពី​បាន​ដេញ​តាមពីក្រោយ​ក្នុងលទ្ធផល ២-០ ពី​ការ​​ប្រកួត​ជើង​ទី​១ ខ្សែ​ប្រយុទ្ធ​ Ousmane Dembele បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​រក​បាន​គ្រាប់បាល់​នាំ​មុខ​មុន ក្រោយពី​បាន​លេង​បាន​១២​នាទី ក្នុង​ការ​ប្រកួត​ជើង​ទី​២​។ ខ្សែ​ការ​ពារ Gerard Pique បាន​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី ទី​៤​នៃ​នាទី​បន្ថែម​នៃ​ម៉ោង​ធម្ម​តា សម្រាប់ក្រុម Barca ដើម្បី​បង្ខំ​ឲ្យ​ការ​ប្រកួត​​ឈាន​ដល់​នាទី​បន្ថែម​១៥​នាទី​២​ដង​ដើម្បី​កាត់​សេចក្តី​តែម្តង​។ ក្រោយមក ខ្សែ​ប្រយុទ្ធអន្តរ​ជាតិ​ដា​ណឺ​ម៉ាក Martin Braithwaite បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ដ៏សំខាន់​នៅ​នាទី ទី​៥​នៃ​នាទី​បន្ថែម១៥​នាទី​២​ដង ក្រោយ​ពីការ​បញ្ជូន​បាល់​យ៉ាងល្អ​ពី​សំណាក់​កីឡាករ Jordi Alba ដើម្បី​បំពេញ​ជ័យ​ជម្នះ​សម្រាប់ក្រុម​របស់ខ្លួន​តែម្តង​​។

ក្រុម Barcelona នឹង​ត្រូវ​ប្រកួតជាមួយនឹងក្រុម Athletic Bilbao ឬLevante ដែល​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ១-១ ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ ក្នុង​ជើង​ទី​១របស់​ពួក​គេ នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ក្នុង​ទីក្រុង Seville៕

ប្រភព​ព័ត៌​មាន៖ Channel News Asia