បរទេស៖ លោក Ole Gunnar Solskjaer អ្នក​ចាត់​​ការ​ទូទៅ​របស់​ក្រុម Manchester United បាន​បញ្ជាក់​ថា វា «មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ឡើយ» ដែល​កីឡាករ​របស់​លោក​ត្រូវ​ធ្វើ​ដំណើរ​​ទៅ​បំពេញការ​តព្វ​កិច្ច​អន្តរ​ជាតិ នៅ​ចុងខែ​នេះ ប្រសិន​បើ​ពួក​គេ​​ត្រូវ​តែ​ធ្វើ​ចត្តា​លីស័ក្ក ក្នុង​ពេល​​ត្រឡប់​មក​វិញ និង​​អវត្តមានក្នុង​ការ​ប្រកួតនោះ​។

ការ​ធ្វើ​ដំណើរ​​ទៅ​ចល​ចក្រ​ភព​អង់គ្លេស ពី​ប្រទេស​ «ស្ថិតក្នុង​បញ្ជីក្រហម» នឹង​ត្រូវ​​ស្នាក់នៅ​ដាច់​ដោយឡែកពី​គេ​រយៈ​ពេល​១០​ថ្ងៃ​។ ប្រទេស​នៅ​អាមេរិក​ខាង​ត្បូង និង​ព័រ​ទុយ​ហ្គាល់ សុទ្ធ​សឹង​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ស្ថិតក្នុង​បញ្ជីក្រហម ដែលមាន​ន័យ​ថា តា​រាឆ្នើម​ៗ​របស់​ក្លិប​ Man United ដូ​ច​ជា ខ្សែ​បម្រើ​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Bruno Fernandes និង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អ៊ុយ​រូ​ហ្គាយ Edinson Cavani អាច​នឹង​ត្រូវ​អវត្ត​មាន​ក្នុងការ​ប្រកួត​ជម្រុះ World Cup​។ ជាមួយ​គ្នា​នេះ លោក Jurgen Klopp អ្នក​​ចាត់​ការ​ទូទៅ​របស់​ Liverpool  បាន​បញ្ជាក់​ថា ក្លិប​របស់​លោក ក៏​នឹង​ដក​កីឡាករ​មួយ​ចំនួន​ផងដែរ ប្រសិន​បើ​ពួក​គេ​​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ចត្តាលីស័ក្ក ដែល​នាំ​ឲ្យ​ការ​ចូលរួម​របស់​កីឡាករ​ប្រេស៊ីល​៣នាក់រួម​មាន Alisson Becker, Roberto Firmino និង Fabinho និង​ខ្សែ​ប្រយុទ្ធ​ព័រ​ទុយ​ហ្គាល់ កំពុង​ស្ថិត​ក្នុង​ភាព​មិនច្បាស់​​។ ក្នុង​ស្ថាន​ភាព​ជា​ធម្ម​តា ក្លិប​នានា ត្រូវ​តែ​បញ្ចេញ​កីឡាករ​ឲ្យ​បំពេញ​​ការ​តព្វ​កិច្ច​អន្តរ​ជាតិ នៅ​កាល​បរិច្ឆេទ​ជាក់​លាក់​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា FIFA បាន​អនុ​ញ្ញាត​ឲ្យ​​ក្លិបនានា រក្សា​ទុក​កីឡាករ​ ដែល​អាច​រង​ឥទ្ធិ​ពល​ដោយ​សារ​តែ​បទបញ្ជានានា ពីការ​ចូលរួម​ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន​ក្នុង​ការ​ប្រកួត​ផ្សេង​ៗ​។ លោក Solskjaer បាន​ឲ្យដឹងថា៖ «វា​មិនមែន​ជា​រឿង​ត្រឹមត្រូវ​សោះក្នុង​ការ​ធ្វើ​ដំណើរ នៅពេល​ដែល​យើង​ត្រូវ​បង់​ការ​ចំណាយ​របស់ពួក​គេ​ ប្រសិនបើ​ពួកគេ​មក​វិញ ហើយ​ត្រូវ​អវត្ត​មាន​រយៈពេល​១០​ថ្ងៃ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia