បរទេស៖ ការប្រជែងដណ្តើមពានក្របខ័ណ្ឌ Premier League កាន់តែជិតឈានដល់ទីបញ្ចប់ហើយ ប៉ុន្តែ យ៉ាងហោចណាស់ ក្រុម Manchester United មានឱកាសក្នុងការរារាំងដំណើររបស់ក្រុម Manchester City មិនឲ្យកត់ត្រាចូលក្នុងសៀវភៅកំណត់ត្រាអឺរ៉ុប នៅពេលដែលក្រុមទាំង២ ជួបគ្នាក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងតែមួយ នាកីឡដ្ឋាន Etihad។
ការដណ្តើមបានជ័យជម្នះរបស់ក្រុម Man City លើក្រុម Wolverhampton Wanderers កាលពីពាក់កណ្តាលសប្តាហ៍នេះ គឺជាការឈ្នះជាលើកទី២១ជាប់ៗគ្នារបស់ពួកគេ ក្នុងរាល់យុទ្ធនាការទាំងអស់ និងជាជ័យជម្នះលើកទី១៥ ក្នុងការប្រកួតលីក ខណៈដែលពួកគេបាននាំមុខ១៤ពិន្ទុដាច់លើលើក្រុមឈរលេខ២ Man United ដែលត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Crystal Palace។ លោក Pep Guardiola បានបញ្ជាក់ថា គោលដៅជាអាទិភាពរបស់ក្រុមលោក គឺការដណ្តើមពាន Premier League ត្រឡប់មកវិញ ប៉ុន្តែ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ក៏ដឹងច្បាស់ផងដែរថា ក្រុមរបស់លោកកំពុងតែស្ថិតនៅលើផ្លូវក្នុងការបំបែកកំណត់ត្រានៃការឈ្នះជាប់ៗគ្នាច្រើនជាងគេបំផុតក្នុងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប។
ការដណ្តើមបានជ័យជម្នះលើក្រុម Man United នឹងជួយឲ្យពួកគេតាមស្មើកំណត់ត្រានៃការឈ្នះ២២លើកជាប់ៗគ្នា ដែលសម្រេចបានដោយក្រុម Real Madrid ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ក្នុងរដូវកាលឆ្នាំ២០១៤-២០១៥៕
ប្រភពព័ត៌មាន៖ Channel News Asia