បរទេស៖ ខ្សែប្រយុទ្ធដ៏ស្រួតរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Mohamed Salah ត្រូវបានគេរាយការណ៍ថាកំពុងតែពិចារណាពីលទ្ធភាពនៃការចាកចេញពីទឹកដី Anfield នៅរដូវក្តៅនេះ។
កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងរឹងមាំសម្រាប់ហង្សក្រហមនៅរដូវកាលនេះ ដោយរូបគេអាចរកបានគ្រាប់បាល់២៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៧ដងក្នុងការប្រកួតទាំងអស់រួមទាំង ១៧គ្រាប់ក្នុង ២៦ប្រកួតនៅ Premier League ។ ទោះយ៉ាងណា Salah នៅសល់កុងត្រាតែ ២ឆ្នាំទៀតប៉ុណ្ណោះជាមួយក្រុមរបស់លោក Jurgen Klopp និងរូបគេពិតជាមានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលគាត់ត្រូវបានប្តូរចេញក្នុងជំនួបទល់នឹងក្រុមតោខៀវ Chelsea កាលពីយប់ថ្ងៃព្រហស្បតិ៍។
ក្រុម Barcelona និង Real Madrid ត្រូវបានគេនិយាយថាជាក្លឹបដែលចាប់អារម្មណ៍ខ្លាំងលើកីឡាករអន្តរជាតិអេហ្ស៊ីបរូបនេះ ប៉ុន្តែទោះបីជាយ៉ាងណាក្លឹបទាំង២នេះទំនងមិនអាចចុះហត្ថលេខាលើកីឡាកររូបនេះនៅរដូវក្តៅនេះទេដោយសារតែវិបត្តិបញ្ហាហិរញ្ញវត្ថុដោយសារវីរុសកូវីត-១៩។ យោងតាមគេហទំព័រ Eurosport បានឱ្យដឹងថា Barca អាចនឹងមានលទ្ធភាពក្នុងការធ្វើរឿងមួយនេះអោយកើតឡើង ប្រសិនបើ Lionel Messi ចាកចេញ ប៉ុន្តែសម្រាប់ក្លឹប Real Madrid ពួកផ្តោតលើកីឡការ Kylian Mbappe របស់ Paris Saint-Germain គឺជាគោលដៅចំបងរបស់ពួកគេ៕
ប្រភពព័ត៍មាន៖ Sportsmole