បរទេស៖ ក្រុម​តោ​ខៀវ Chelsea បាន​ពង្រឹង​ទី​តាំង​របស់​ខ្លួន​ក្នុង​ចំណាត់​ថ្នាក់​​លេខ​៤ ក្នុងក្រប​ខ័ណ្ឌ Premier League ខណៈ​ដែល​ខ្សែ​បម្រើ​ប្រយុទ្ធ Kai Havertz បាន​ជួយ​​ឲ្យ​ពួក​គេ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដោយ​ងាយ​ក្នុងលទ្ធ​ផល ២-០ លើ​ក្រុម Everton ស្រប​ពេល​ដែលក្រុម West Ham បាន​ធ្វើ​ឲ្យ​ការ​ប្រជែង​ដណ្តើម​យក​លេខ​៤​កាន់​តែ​ក្តៅ​គគុក តាម​រយៈ​ការ​យកឈ្នះ​លើក្រុម Leeds United ២-០ កាលពីថ្ងៃ​ចន្ទ​។

 

Havertz បាន​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​រដូវ​​កាល​ទី​១​របស់​គេ ក្រោយពីការ​ផ្ទេរ​ក្នុង​តម្លៃ​ខ្លួន​៧០​លាន​ផោន (ស្មើ​នឹង​៩៦​លាន​ដុល្លារ​អាមេរិក) ពីក្លិប Bayer Leverkusen កាលពីឆ្នាំ​មុន​។ ប៉ុន្តែ តារា​ឆ្នើម​អន្តរ​ជាតិ​អាល្លឺ​ម៉ង់​រូប​នេះ ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ទាំង​១១​នាក់​ដំបូង​ទាំង​កម្រ ដោយ​គ្រូបង្វឹក​នៃក្រុម Chelsea លោក Thomas Tuchel ហើយ​រូប​គេ​បាន​តប​ស្នង​វិញ​តា​មរយៈ​ការ​ដើរ​តួនាទី​ដ៏សំខាន់​ក្នុង​ការ​​ជួយ​ឲ្យ​ក្រុម​ខ្លួន​រក​បាន​គ្រាប់បាល់​ទាំង​២​គ្រាប់​នៅកីឡដ្ឋាន Stamford Bridge​។ ការ​ស៊ុត​បាល់​របស់ Havertz បាន​ផ្លាត​ចូល​ទី​របស់ក្រុម Everton យ៉ាងល្អ ក្រោម​​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ពី​សំណាក់​កីឡាករ Ben Godfrey នៅ​តង់​ទី​១​។

កីឡាករ​វ័យ​២១​ឆ្នាំ​រូបនេះ មិន​ធ្លាប់​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួតលីក​សោះ​ បើគិត​ចាប់​តាំង​ពីខែ​តុលា ប៉ុន្តែ លោក Tuchel បាន​ដាក់​ឲ្យ​រូប​គេ​​ចូល​លេង​ក្នុង​តួនាទី​ដ៏សំខាន់ ហើយ​​ការ​បង្ហាញពី​ទម្រង់លេង​ដ៏ល្អ​របស់ Havertz បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​បាន​បាល់​ប៉េ​ណាល់ទីនៅ​តង់​ទី​២ ដែល​​ស៊ុត​ដោយ​កីឡាករ Jorginho​។ លោក Tuchel បាន​​ឲ្យដឹងថា៖ «ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​ទម្រង់លេង​របស់​គេ និង​គុណ​ភាព​ដែល​ឥត​លាក់​បាំង​របស់​គេ ក៏ដូច​ជា​ទេពកោសល្យ​ និង​ឥរិយា​បថ​របស់​គេ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia