បរទេស៖ Liverpool បាន​ផ្តួល​ក្រុម​ RB Leipzig យ៉ាង​ងាយ ដើម្បី​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ក្រោយពី​បាន​យកឈ្នះ​ក្នុងលទ្ធ​ផល ២-០ ក្នុង​ទីក្រុង Budapest កាលពីថ្ងៃ​ពុធ ខណៈ​ដែល​លោក​គ្រូបង្វឹក​ Jurgen Klopp បាន​បញ្ជាក់​ថា លទ្ធផល​នេះ នឹង​ជួយ​ឲ្យ​ក្រុម​របស់​លោកទុក​ភាព​សោក​សៅ​នៃ​ក្រប​ខ័ណ្ឌ Premier League មួយ​ឡែក​។

សម្រាប់​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដូច​កាលពី​ជើង​ទី​១​មួយនេះ ខ្សែ​ប្រយុទ្ធ Mohamed Salah និង Sadio Mane បាន​ស៊ុត​បាល់ប​ញ្ចូល​ទី​ម្តង​ទៀត នៅ​ចន្លោះ​ពេល​ត្រឹម​តែ​៤​នាទី នៅតង់ទី​២ ដើម្បី​ជួយ​ឲ្យក្រុម​ហង្សក្រហមដណ្តើម​បាន​ជ័យ​ជម្នះ​ទាំង​២​ជើង ៤-០ និង​រក្សា​ក្តី​សង្ឃឹមរបស់​ក្រុម Liverpool ក្នុងការ​សង្គ្រោះ​រដូវ​កាល​ដ៏ត្រដាប​ត្រដួស​របស់​ខ្លួន​ក្នុងក្រប​ខ័ណ្ឌលីក​តាមរយៈការ​ឈ្នះ​ពាន​នៅ​អឺ​រ៉ុប​។ ក្រោយពីការ​រង​បរា​ជ័យ​៦លើក​ជាប់​ៗ​គ្នា​នៅ​កីឡដ្ឋាន Anfield និង​ធ្លាក់​​ទៅ​ឈរក្នុង​ចំណាត់​ថ្នាក់​លេខ​៨ នៅលើ​តារាង​ក្រប​ខ័ណ្ឌ Premier League ក្រុម​របស់​លោក Klopp ហាក់​ដូច​ជា​​​បង្ហាញ​ពី​ការ​ធូរ​ស្បើយ​ចិត្ត​ពេល​​ប្រកួតនៅក្រៅដី ខណៈ​ដែល​ការ​ប្រកួត​ជើង​ទី​២​នេះ ក៏​ត្រូវ​បាន​​រៀប​ចំ​ឡើង​នៅ​​រដ្ឋ​ធានី​នៃ​ប្រទេស​ហុង​គ្រី​ផង​ដែរ ដោយ​សារ​តែ​ការ​ការ​ហាម​ឃាត់​ជុំ​វិញ​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណា​។

លោក Klopp បាន​ប្រា់ប​ទូរ​ទស្សន៍ BT Sport ថា៖ «ពួក​គេ​បាន​បង្ហាញពី​ទម្រង់​លេង​ដ៏​អស្ចារ្យ​។ យើង​ត្រូវ​តែ​បំភ្លេច​ Premier League ដើម្បី​មក​ទីនេះ និង​ព្យា​យាមដណ្តើម​លទ្ធផល​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia