បរទេស៖ លោក Jose Mourinho អ្នក​​ចាត់​​ការទូទៅ​របស់ក្រុម Tottenham ចង់​អប​អរ​​ឆ្នាំ​ដ៏​គួរ​ឲ្យ​កត់សម្គាល់សម្រាប់​ប្រធាន​ក្លិប​នៃ​ក្លិប Spurs លោក Daniel Levy តាម​រយៈ​ការ​បញ្ចប់​​ការ​រង់​ចាំយូរ​អង្វែង​ក្នុង​ការ​ឈ្នះពាន​​​របស់​ពួកគេ​។ នៅ​សប្តាហ៍​នេះ គឺ​ជា​​​ខួប​​២០​ឆ្នាំ បើ​គិត​ចាប់​តាំងពី​លោក Levy បាន​ចូល​កាន់​តំណែង​នៅក្នុងក្លិប Tottenham ប៉ុន្តែ លោក​បាន​ឃើញ​ការ​ឈ្នះ​ពាន​ត្រឹម​តែ​១លើក​គត់ ពោល​គឺ​ការ​ឈ្នះពាន League Cup ឆ្នា​២០០៨​។

ក្រុម Tottenham នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​ដណ្តើម​ពាន League Cup វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​ពួកគេ​​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Manchester City ដែលកំពុង​តែ​នាំមុខ​លើ​កំពូល​តារាង Premier League នៅខែ​មេសា ខាងមុខនេះ ហើយ​ក៏​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយនឹងក្រុម Dinamo Zagreb ក្នុង​​ការ​ប្រកួត​ជើង​ទី​១​នៃ​ក្រប​ខ័ណ្ឌ Europa League វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​រាត្រី​នេះ ផង​ដែរ​។ លោក Mourinho ដែល​បាន​ឈ្នះ​ពាន​ដល់​ទៅ​២៤ ក្នុង​នាម​ជា​គ្រូបង្វឹក​របស់​ក្លិប Porto, Chelsea, Inter Milan, Real Madrid និង Manchester United នោះ​បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា ពេល​ខ្លះ​ជា​រឿង​យុត្តិ​ធម៌​ក្នុង​ការ​កាត់​សេចក្តី​​ទៅ​លើ​ការ​ឈ្នះ​ពាន​នានា​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ ពាន​គឺ​ជា​អំបិល និង​ម្ទេស​នៃ​កីឡា​បាល់ទាត់ ហើយ​ខ្ញុំ​ចង់​​ឈ្នះ​ដើម្បី​គាត់ ប៉ុន្តែ មិនមែន​ត្រឹម​តែ​គាត់​ទេ​ ក៏​សម្រាប់​​កីឡាករ អ្នក​គាំទ្រ និង​គ្រប់គ្នា​ផង​ដែរ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia