បរទេស៖ លោក Pele កាលពីថ្ងៃ​អាទិត្យ បាន​អប​​អរ​សា​ទរ​ដល់​តារាឆ្នើម Cristiano Ronaldo ចំពោះ​ការ​បំ​បែកកំណត់ត្រា​របស់​លោក​នៅក្នុង​​ការ​រក​គ្រាប់​បាល់​ក្នុងការ​ប្រកួត​ជាផ្លូវ​ការ​។

តារាឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់ Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​សម្រាប់​ក្រុម Juventus ក្នុង​ពេល​ពួកគេ​ទទួល​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៣-១ លើ​ក្រុម Cagliari ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Serie A ដើម្បី​ធ្វើ​ឲ្យ​គ្រាប់បាល់​សរុប​របស់​គេកើន​ដល់​៧៧០​គ្រាប់​។ ខ្សែ​ប្រយុទ្ធ​​ដែល​មាន​វ័យ​៣៦​ឆ្នាំ​រូបនេះ បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម Instagram ដើម្បី​ប្រាប់​ដល់​អ្នក​គាំទ្រ​​ជាង​២៧០​លាន​នាក់​របស់​គេ​ថា ​ពេលនេះ រូ​ប​គេ​អាច​បំ​បែក​កំណត់ត្រា​បាន​ហើយ ក្រោយពី​​បាន​តាម​ស្មើ​កំណត់ត្រា​របស់​លោក Pele តាម​រយៈ​រក​គ្រាប់​បាល់​បាន​សរុប​៧៦៧​គ្រាប់ កាលពីថ្ងៃ​ទី​២ ខែ​មីនា​។

Ronaldo បាន​សរសេរ​ថា៖ «ខ្ញុំពិត​ជា​រំភើប​ណាស់​ និង​មានមោទ​ន​ភាព ខណៈ​ដែល​ខ្ញុំ​បាន​ដឹង​ថា គ្រាប់​បាល់​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ឈរ​លើ​កំពូល​តារា​នៃ​បញ្ជី​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក ដោយ​បាន​បំ​បែក​កំណត់​ត្រា​របស់​លោក Pele​។ នេះ​គឺ​ជា​សមិទ្ធ​ផល​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​សុបិន​ទុកកាលពី​វ័យក្មេង​ឡើយ»​​។ វី​រ​បុរស​បាល់​ទាត់​របស់​ប្រេស៊ីល​លោក Pele បាន​រសរសេរនៅ​លើ​បណ្តាញ​សង្គម Instagram ដើម្បី​ប្រាប់​អ្នក​គាំទ្រ​ជាង​៥,៨​លាន​នាក់​របស់​លោក​ថា៖ «សូម​អប​អរ​សា​ទរ​ដល់​ការ​​បំ​បែក​កំណត់ត្រានៃ​ការ​រក​គ្រាប់បាល់​របស់ខ្ញុំ​ក្នុង​ការ​ប្រកួត​ផ្លូវ​ការ​។ ខ្ញុំ​ពិត​ជា​សរសើរ​ដល់​អ្នក​ខ្លាំង​ណាស់​។ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​ក្នុងការ​មើលអ្នក​លេង ហើយ​នេះ​មិនមែន​ជា​រឿង​អាថ៌​កំ​បាំង​សម្រាប់​នរ​ណាម្នាក់​ឡើយ​»​៕

​ប្រភព​ព័ត៌​មាន៖ Channel News Asia